កម្ពុជា​បំបាក់មុខ​វៀតណាម​នៅ​ពានរង្វាន់​ក្បាច់គុន Vovinam

នៅឯ​ពានរង្វាន់​ក្បាច់គុន Vovinam អាស៊ីអាគ្នេយ៍ 2023 ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើមបាន​មេដាយ​ចំនួន 28 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 10 គ្រឿង ហើយ​ឈរ​លំដាប់​លើ​គេ​បង្អស់។

នៅមុន​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (2023 Southeast Asian Games ឬ SEA Games 32) ពានរង្វាន់​មិត្តភាព​អន្តរជាតិ និង​ពានរង្វាន់​ផ្លូវការ​ជាច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក៏ត្រូវ​បាន​បើក​ការប្រកួត​ក្នុង​បំណង​បង្កើន និង​វាយតម្លៃ​ឡើងវិញ​នូវ​គុណភាព សមត្ថភាព​របស់​កីឡាករ អត្ត​ព​លិ​ក ក៏ដូចជា​ស្ទាបស្ទង់​សមត្ថភាព​របស់​គូប្រកួត​ជាដើម ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ SEA Games 32 ដែល​នឹង​ធ្វើឡើង​នៅ​ខែឧសភា 2023 លើ​ទឹកដី​កម្ពុជា។

ថ្មីៗនេះ ពានរង្វាន់​លំដាប់​តំបន់ «Vovinam» ដែលជា «ក្បាច់​គុនជាតិ» របស់​ប្រទេស​វៀតណាម​ក៏​ទើបតែ​បានបញ្ចប់​នៅក្នុង​រាជធានី​ភ្នំពេញ។ យោងតាម​ប្រកាស​របស់​គណៈកម្មការ ម្ចាស់ផ្ទះ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ដោយ​ដណ្ដើមបាន​មេដាយ​សរុប 28 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 10 គ្រឿង, មេដាយប្រាក់​ចំនួន 9 គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន 9 គ្រឿង។

ចំណែក​វៀតណាម បើទោះជា​ម្ចាស់ និង​ឈរ​លំដាប់​លេខ​មួយ​ក្នុង​វិញ្ញាសា​ក្បាច់គុន Vovinam នៅ SEA Games 31 ត្រូវ​ឈរ​លំដាប់​ទី​ពីរ​ក្នុងការ​ប្រកួត​នេះ។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជាការ​ប្រកួត​មុន SEA Games 32 ដូច្នេះ​មិនទាន់​អាច​វាយតម្លៃ​ជា​ផ្លូវការ។ ក្រុម​របស់​វៀតណាម រកបាន​មេដាយ​សរុប 19 គ្រឿង ក្នុងនោះ​មាន​មេដាយមាស 8 គ្រឿង, មេដាយប្រាក់ 11 គ្រឿង នៅក្នុង​ការប្រកួត​រយៈ​ពេល​បី​ថ្ងៃ។

ចំណាត់ថ្នាក់​បន្ទាប់​គឺ មី​យ៉ាន់​ម៉ា ដោយ​ដណ្ដើមបាន​មេដាយមាស 5 គ្រឿង ប្រាក់ 4 គ្រឿង និង​សំរឹទ្ធ 21 គ្រឿង, ថៃ​រកបាន​មេដាយមាស 3 គ្រឿង ប្រាក់ 5 គ្រឿង និង​សំរឹទ្ធ 4 គ្រឿង ខណៈ​ឥណ្ឌូណេស៊ី​ដណ្ដើមបាន​មេដាយមាស 3 គ្រឿង និង​សំរឹទ្ធ 15 គ្រឿង។

នៅ SEA Games 32 ដែល​នឹង​ធ្វើឡើង​នៅ​ខែឧសភា​ខាងមុខ វិញ្ញាសា Vovinam ក៏​នឹងមាន​មេដាយ​សរុប​ចំនួន 30 ឈុត ជាមួយនឹង​វិញ្ញាសា​ចំនួន​ពីរ​គឺ ការសម្ដែង និង​ការប្រកួត៕

Advertisement