ពិធី​ដង្ហែ​ភ្លើងគប់ SEA Gamers 32 ចាប់ផ្ដើម​ចេញដំណើរ​ពី​វៀតណាម

ពិធី​ដង្ហែ​ភ្លើង​គប់ស៊ីហ្កេម 32 (SEA Games 32) ត្រូវ​បាន​សម្ពោធ​បើក​​ជា​ផ្លូវការ​ដោយ​ចាប់ផ្ដើម​ដង្ហែ​ចេញពី​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម។

ព្រឹក​ថ្ងៃទី 24 មីនា ពិធី​ដង្ហែ​ភ្លើង​គប់ SEA Games 32 ត្រូវបាន​ប្រារព្ធ​ឡើង​នៅឯ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម។ នេះ​គឺជា​ព្រឹត្តិការណ៍​ចាប់ផ្ដើម​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់ 11 ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​របស់​ភ្លើង​គប់ SEA Games 32 មុននឹង​​ត្រលប់​ចូលមក​កាន់​ទឹកដី​កម្ពុជា។

នៅក្នុង​ព្រឹត្តិការណ៍​នេះ​ក៏មាន​វត្តមាន​របស់លោក​ជំទាវ ជា គឹម​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​វៀតណាម រួម​នឹង​ឯកអគ្គរដ្ឋទូត ​មន្ត្រីការទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន ក៏ដូចជា​ក្រុមមន្ត្រី​វៀតណាម កីឡាករ និង​និស្សិត​ប្រមាណ 300 នាក់។

 

លោកជំទាវ ជា គឹម​ថា គឺជា​អ្នក​ប្រកាស​កម្មវិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ដង្ហែ​ភ្លើង​គប់។ ភ្លើង​គប់​ផ្លូវការ​របស់ SEA Games 32 ត្រូវបាន​អត្ត​ព​លិ​ក​វៀតណាម ប្រតិភូ​​តំណាង​នានា ​កីឡាករ និង​និស្សិត​រាប់រយ​នាក់ ដង្ហែ​ពី​ស្ថានទូត​កម្ពុជា ទៅកាន់ ហូ ហ្វា​ង គា​ម និង​ត្រលប់​មកកាន់​កន្លែង​ដើម។

ដល់​ថ្ងៃទី 25 មីនា ភ្លើង​គប់ SEA Games 32 នឹង​ចាក​ចេញពី​វៀតណាម ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ជា​បន្តបន្ទាប់​រួមមាន ហ្វ៊ី​លី​ពី​ន ព្រុយ​ណេ ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី សិង្ហ​បុរី ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ។

ពី​ប្រទេស​ឡាវ ភ្លើង​គប់ SEA Games 32 នឹង​ត្រលប់​មកកាន់​កម្ពុជា​នៅ​ថ្ងៃទី 27 មេសា 2023។ នៅទីនេះ ភ្លើង​​គប់​នឹងត្រូវ​បាន​ដង្ហែ​កាត់​តាម​ទីតាំង​មួយចំនួន​រហូតដល់​ថ្ងៃ​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្កេ​ម 32 នៅ​ថ្ងៃទី 05 ឧសភា 2023 នៅឯ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ៕

Advertisement