U-20 ចិន «តស៊ូ» ជិត​ 10 ឆ្នាំ ទើប​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ និង​ឡើង​ដល់​​វគ្គ 8 ក្រុម​ចុង​ក្រោយ​នៅ​ U-20 អាស៊ី

ជា​លើក​ដំបូង​ហើយ​ក្រោយ​រយៈ​ពេល 9 ឆ្នាំ ដែល​ក្រុម​កីឡាបាល់​ទាត់​វ័យ​ក្រោម​ម្ភៃ​ឆ្នាំ​របស់​ចិន ដណ្ដើម​បាន​ជោគ​ជ័យ​ ដោយ​ឆ្លង​ផុត​វគ្គ​សន្សំពិន្ទុ​ និង​បាន​ចូលដល់​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out) នៅ​ពាន​រង្វាន់​ជើង​ឯក​ U-20 អាស៊ី​ 2023​ (2023 AFC U-20 Asian Cup)។

នៅ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ឡើងដល់​វគ្គ ¼ ហើយ! សម្រាប់​បាល់​ទាត់​ចិន នេះ​គឺជា​ពន្លឺ​ដ៏​មាន​តម្លៃ​ក្នុង​រាត្រី​ងងឹត» នៅ​លើ​ទំព័រ Sina របស់​ចិន​ អ្នក​និពន្ធ​បាន​វាយ​តម្លៃ​អំពី​ក្រុម​ជម្រើស​ជាតិ U-20 ចិន​ និង​ផ្ដល់​យោបល់​ដើម្បី​ជួយ​ឱ្យ​ក្រុម​នេះមាន​ប្រៀប​ជាង​គូ​ប្រកួត​នៅ​ក្នុង​វគ្គ 8 ក្រុម​ចុង​ក្រោយ​។

«…ការ​ណ៍​ដែល​ U-20 ចិន ឡើង​ដល់​វគ្គ ¼ គឺជា​រឿង​ដ៏គួរ​ឱ្យ​ត្រេកអរ​។ ក្រោយ​អវត្តមាន​​រយៈ​ពេល​ 9 ឆ្នាំ​ពេញ U-20 ចិន បាន​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ ប៉ុន្តែ អ្នក​គាំទ្រ​ពុំ​មាន​ការ​ជឿ​ជាក់​នៅ​ពេល​ធ្លាក់​ទៅ​ក្នុង​ «ពូលមរណៈ» (ពូល​ដែល​មាន​ក្រុម​ខ្លាំង) នៅបួន​គូ​​ចុងក្រោយ​»។

សារព័ត៌មាន​ Sina ក៏​បាន​ចង្អុល​បង្ហាញ​កត្តា​សំខាន់​ដែល​នឹង​ជួយ​ឱ្យ U-20 ចិន ដោះ​ស្រាយ​សម្ពាធ​នៅ​ពេល​ប្រឈម​នឹង​ U-20 កូរ៉េខាងត្បូង​ នៅ​ក្នុង​វគ្គ​ ¼។ Sina បាន​​សរសេរ​លើក​តម្កើង​អ្នក​ចាំទី Li Hao ថា ក្នុង​បី​ប្រកួត​នៅ​វគ្គ​សន្សំពិន្ទុ អ្នក​ចាំ​ទី​រូប​នេះ​បាន​ជួយ​សង្គ្រោះ​ក្រុម​របស់​ខ្លួនបាន​ជោគ​ជ័យ​​រហូត​ដល់ 22 លើក។

នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់​ U-20 ចិននឹង​ត្រូវ​ប្រឈម​នឹង​ការ​វាយ​លុក​ខ្លាំង​ក្លា​ពី​ U-20 កូរ៉េខាងត្បូង ប៉ុន្តែ​ពេល​នោះ​ អ្នក​ចាំទី Li Hao នឹង​មាន​តួនាទី​ច្រើន​នៅ​ក្នុង​ការ​សម្រេច​លើ​លទ្ធផល​ឈ្នះ-​ចាញ់​ នេះ​បើ​តាម​ទំព័រ Sina។

Sina បាន​បន្ថែម​ថា U-20 ចិន ត្រូវ​តែ​លេង​ឱ្យ​ដូច​ទៅ​នឹង​របៀប​​ដែល​គ្រូបង្វឹក​ជនជាតិកូរ៉េខាងត្បូង Park Hang-seo ធ្លាប់​ដឹក​នាំ​កូន​សិស្ស​លេង​នៅ​អាស៊ី។ ប៉ុន្តែ បើ​សិន​បញ្ចេញ​កម្លាំង​សុទ្ធ​សាធ​​ដើម្បី​ប្រជែង​ជាមួយ U-20 កូរ៉េខាងត្បូង នោះ​មិន​យូរ​មិន​ឆាប់​ ភាព​ខុស​គ្នា​អំពី​សមត្ថភាព​ផ្ទាល់​ខ្លួន​រវាង​ក្រុម​ទាំង​ពីរ​នឹង​លេច​ឡើង​យ៉ាង​ច្បាស់ ហើយ​ពេល​នោះ U-20 ចិន ប្រាកដ​ជា​​ចាញ់។

នៅក្នុង​វគ្គ​បួន​ក្រុម​ចុងក្រោយ​របស់ U-20 អាស៊ី 2023 នេះ រួមមាន អ៊ីរ៉ង់-អ៊ីរ៉ាក់, អ៊ុយ​បេ​គី​ស្ថាន-អូស្ត្រាលី, កូរ៉េខាងត្បូង-ចិន និង ជប៉ុន-ហ្ស៊​កដា​នី ដែល​គូ​ទីមួយ និង​ទី​ពីរ​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី 11 មីនា ចំណែក​គូ​ទី​បី និង​ទី​បួន​ត្រូវ​ប្រកួត​ក្នុង​ថ្ងៃទី 12 មីនា 2023៕

Advertisement