ព្រឹត្តិការណ៍​បាល់​ទាត់អាស៊ី Asian Cup 2023 ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ 2024

កីឡាករកាតាលើកពាន Asian Cup 2019 ដែលបានធ្វើឡើងនៅ UAE

សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានសម្រេច​ចិត្ត​ប្រារព្ធ​ព្រឹត្តិការណ៍ Asian Cup 2023 ចាប់ពី​ថ្ងៃទី 12 មករា 2024 ដល់ 10 កុម្ភៈ 2024 នៅ​ប្រទេស​កាតា។

ការសម្រេចចិត្ត​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​នានា​រវាង AFC និង​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA)។ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 10 កុម្ភៈ 2024។ ក៏ប៉ុន្តែ កាលបរិច្ឆេទ​ខាងលើ​មិនទាន់​ស្ថិតក្នុង FIFA Days ដូច្នេះ AFC សង្ឃឹមថា FIFA នឹងមាន​វិធី​រៀបចំ​សមស្រប​ដើម្បីជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​នានា​មាន​កម្លាំង​ខ្លាំង​បំផុត​សម្រាប់​ការប្រកួត។

ដំបូង​ឡើយ ប្រទេស​ចិន​គ្រោង​នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​បាល់ទាត់ Asian Cup 2023 ចាប់ពី​ថ្ងៃទី 16 មិថុនា 2023 ដល់ 16 កក្កដា 2023 ប៉ុន្តែ​មកដល់​ឆ្នាំ 2022 ប្រទេស​នេះ​ក៏​សុំ​ដកខ្លួន​ដោយសារតែ​កូ​វីដ-19។ ប្រទេស​កាតា​ដែល​ទើបតែ​បានទទួល World Cup 2022 ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​បន្ទាប់ពី​បានទទួល​ការគាំទ្រ​ច្រើនជាង​កូរ៉េខាងត្បូង និង​អូស្ត្រាលី។

កីឡាករកាតាលើកពាន Asian Cup 2019 ដែលបានធ្វើឡើងនៅ UAE

ក្រោយពី​បានកំណត់​ពេលវេលា​ជាក់លាក់ AFC នឹងធ្វើ​ការចាប់​ឆ្នោត​យ៉ាងយូរ​ត្រឹម​ខែមិថុនា 2023។ ក្រុម​ជម្រើសជាតិ​ចំនួន 24 ក្រុម​​ដែល​ត្រូវបាន​កំណត់​រួចហើយ ត្រូវ​ចែកជា 6 ពូ​ល ដោយ​ប្រកួត​ជា​ជុំ ដើម្បី​ជ្រើស​យក 6 ក្រុម​ដែលជា​ប់​ចំណាត់​ថ្នាក់​​លេខ​មួយ, 6 ក្រុម​ជាប់​លេខ​ពីរ និង 4 ក្រុម​ជាប់​លេខ​បី ដែលមាន​សមិទ្ធផល​ល្អ​ជាងគេ ឡើងទៅ​ប្រកួត​នៅ​វគ្គ 1/8។

ព្រឹត្តិការណ៍ Asian Cup លើក​ចុង​ក្រោយ​នា​ពេល​កន្លង​​ក៏ត្រូវ​បានធ្វើ​ឡើង​ក្នុង​ខែមករា នៅ​អាស៊ី​ខាងលិច ដោយប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម (UAE) ធ្វើជា​ម្ចាស់ផ្ទះ។ ប្រទេស​កាតាវិញ ​បច្ចុប្បន្ន​គឺជា​ជើងឯក​បាល់ទាត់ Asian Cup ហើយ​នេះ​គឺជា​លើក​ទី​បី​ដែល​កាតា​​ធ្វើជា​ម្ចាស់ផ្ទះ Asian Cup ​បន្ទាប់ពី​បាន​ទទួល​​លើកទីមួយ​កាលពី​ឆ្នាំ 1988 និង​លើក​ទី​ពីរ​កាលពី​ឆ្នាំ 2011៕

Advertisement