ម្ចាស់ Manchester United បន្ត​ឡើង​ថ្លៃ​​ក្លឹប ក្រោយ​អ្នក​ប៉ង​ទិញ​យល់​ព្រម​ជា​មួយ​នឹង​​តម្លៃ​ដំបូង

បន្ទាប់ពី​ត្រូវបាន​គេ​មើលឃើញថា ទំនងជា​នឹង​យល់ព្រម​លក់​ក្នុងតម្លៃ 5 ពាន់​លាន​ផោន​ដូចដែល​បានលើកឡើង​ដំបូង ថ្មី​ៗ​នេះ​ត្រកូល Glazer បែរជា​បន្ត​ដំឡើងថ្លៃ​ក្លឹប​ម្ចាស់​កីឡដ្ឋាន Old Trafford ថែម​មួយកម្រិត​ទៀត។

មកដល់​បច្ចុប្បន្ន ការ​ទិញដូរ​ក្លឹប​បាល់ទាត់ Manchester United នៅតែ​មាន​​ឧបសគ្គ​ជាច្រើន​ដែល​បង្កើតឡើង​ដោយ​ភាគី​ត្រកូល Glazers។ មហាសេដ្ឋី​អាម៉េរិកពីររូប​នេះ មុននោះ​​នៅតែ​ចង់​ស្វែងរក​អ្នកទិញ​ដែលមាន​សក្ដានុពល​ ​ហ៊ាន​ចំណាយ 5 ពាន់​លាន​ផោន​ដើម្បី​ទិញ​ក្លឹប​របស់​ពួកគេ។ ក៏ប៉ុន្តែ ក្រោយមក Avram Glazer និង Joel Glazer បន្ត​លើកឡើង​នូវ​វិធីសាស្ត្រ​ទិញ​ភាគហ៊ុន​ពី​ក្លឹប តែ​ត្រូវបាន​បដិសេធភ្លាមៗដោយ​លោក Sheikh Jassim Bin Hamad Al Thani ប្រធាន​ធនាគារ​អ៊ីស្លាម​កាតា ដែលជា​អ្នក​បានស្នើ​ទិញ​ក្លឹប Man United កាលពីពេលថ្មីៗនេះ។

ភាគី​នៅ​កាតា​យល់ព្រម​ទិញ Man United ក្នុងតម្លៃ 5 ពាន់​លាន​ផោន ហើយ​​បាន​និយាយថា នឹង​ផ្ញើ​សំណើ​ជា​ផ្លូវការ​ទៅកាន់​ម្ចាស់​ក្លឹប​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុងពេលឆាប់ៗនេះ។ ចំណែក​អ្នកមាន​ជាងគេ​នៅ​អង់គ្លេស​គឺ Sir Jim Ratcliffe ក៏​ទំនងជា​បាន​យល់ព្រម​ជាមួយនឹងតម្លៃ​ដែល​​ត្រកូល​ Glazer បាន​​ពពាយនាយ​​លក់​នា​ពេល​កន្លង​។

លោក Avram Glazer និង Joel Glazer

ទោះជា​យ៉ាងនេះ​ក្ដី ភាគី​ខាង​ម្ចាស់​ក្លឹប បន្ត​ដំឡើងថ្លៃ ក្រោយពី​ភាគី​អ្នក​ប៉ង​ទិញ​យល់ព្រម​ជាមួយនឹង​តម្លៃ​ដំបូង។ ជាក់ស្ដែង លោក Avram Glazer និង Joel Glazer ចង់​លក់​ក្លឹប Man United ក្នុងតម្លៃ 6 ពាន់​លាន​ផោន។

បើសិន​តម្លៃ​ខាងលើ​ត្រូវបាន​អ្នកវិនិយោគ​យល់ព្រម​ទិញ នៅពេល​ទៅដល់​ដៃ​ម្ចាស់​ថ្មី តម្លៃ​របស់ Man United អាច​​នឹង​ត្រូវបានដំឡើង​​ជិត​ទ្វេដង​។ ក៏ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​យល់ថា តម្លៃ 6 ពាន់​លាន​ផោន​ (ជាង 7.2 ពាន់​លាន​ដុល្លារ​អាម៉េរិក) នេះ​ពិតជា​ខ្ពស់​ណាស់ បើ​គេ​មិន​និយាយ​ដល់​ប្រាក់ចំណូល ឬ​សមិទ្ធផល​ដែល​បី​សាច​ក្រហម​នឹង​នាំ​មកឱ្យ​ម្ចាស់​ថ្មី៕

Advertisement