អ្នកចាំទី​របស់​ក្លឹប Sevilla ចាប់​បោក​ផ្ដួល​អ្នកគាំទ្រ​នៅពេល​កំពុង​ប្រកួត

(ហូ​ឡង់) – បន្ទាប់ពី​ត្រូវ​ដាល់​មួយ​ដៃ​ចំ​ផ្ទៃមុខ​នៅពេល​ក្រុម Sevilla កំពុង​ប្រកួត​នៅ Europa League អ្នកចាំទី Marko Dmitrovic ក៏បាន​បោក​ផ្ដួល​បុរស​ជា​អ្នកគាំទ្រ​ម្នាក់​ដែល​បាន​ចូលទៅ​ខាងមុខ​ទី កាលពី​ព្រលប់​ថ្ងៃទី 23 កុម្ភៈ។

នៅ​នាទី​ទី 90 ពេល​ក្រុម​ម្ចាស់ផ្ទះ PSV (Philips Sport Vereniging) ត្រូវការ 2 គ្រាប់​បន្ថែមទៀត​ដើម្បី​ចៀស​វាង​ត្រូវ​ជម្រុះ ស្រាប់តែ​បុរស​ជនជាតិ​ហូ​ឡង់​ម្នាក់​ចុះ​ទៅដល់​ទីលាន​ប្រកួត និង​រត់​ទៅកាន់ Dmitrovic ពី​ខាងក្រោយ។ ពេលនោះ អ្នកចាំទី​ជនជាតិ​ស៊ែ​ប៊ី មិនបាន​ចាប់អារម្មណ៍ ដោយសារតែ​កំពុង​តាមដាន​បាល់។ អ្នកគាំទ្រ​ម្នាក់នេះ​ក៏​ចាប់​ជាប់​អាវ និង​ដាល់​មួយ​ដៃ​ទៅលើ​ផ្ទៃមុខ​អ្នកចាំទី​របស់​ក្រុម​ភ្ញៀវ Sevilla។ Dmitrovic ក៏បាន​ដាល់​តបត ហើយ​ចាប់​បោក​ផ្ដួល និង​សង្កត់​អ្នកគាំទ្រ​រូបនេះ​រហូតដល់​បុគ្គលិក​សន្តិសុខ​មកដល់។

អ្នកគាំទ្រ​នេះ​ត្រូវបាន​នាំខ្លួន​ចេញទៅ​ក្រៅ។ ការប្រកួត​ក៏ត្រូវ​បាន​បន្ត​ក្រោយពី​ផ្អាក​ពី​បី​នាទី។ PSV ក្រោយមក​ក៏​រកបាន 1 គ្រាប់​ទៀត ហើយក៏​ឈ្នះ 2-0 នៅ​ជើង​ទី​ពីរ ប៉ុន្តែ​ត្រូវ​ចាញ់​សរុប 2-3។ ដូច្នេះ PSV ក៏ត្រូវ​អង្គុយ​មើល Sevilla ឡើងទៅ​កាន់​វគ្គ 1/8 នៅ Europa League។

Dmitrovic ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​ក្លឹប Red Star Belgrade ហើយ​ធ្លាប់​លេង​បាល់​នៅ​ហុង​គ្រី និង​អង់គ្លេស មុនពេល​ទៅកាន់​អេ​ស្ប៉ា​ញ។ គាត់​គឺជា​អ្នកចាំទី​លេខ​មួយ​របស់ Eibar នៅ La Liga អំឡុង​ឆ្នាំ 2017-2021 តែ​ក្រោយមក​ក៏បាន​ក្លាយជា​អ្នកចាំទី​បម្រុង​របស់ Sevilla។

Advertisement