Kylian Mbappe លេង​ធំ «សួរនាំ​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន» ​របស់ Cristiano Ronaldo

ក្រោយ​ការប្រើប្រាស់​អស់​មួយ​រយៈពេល Ronaldo សម្រេចចិត្ត​ពពាយនាយ​លក់​យន្តហោះ​ល្បឿន​លឿន Gulfstream G200 ហើយ Mbappe ទំនងជា​នឹង​បាន​ក្លាយជា​ម្ចាស់​ថ្មី​របស់​យន្តហោះ​នេះ។

ឆ្នាំ 2015 Ronaldo បាន​ទិញ​យន្តហោះ Gulfstream G200 ក្នុងតម្លៃ 20 លាន​អឺរ៉ូ។ នេះ​គឺជា​យន្តហោះ​ខ្នាតតូច​អាច​ដឹក​មនុស្ស​បាន​ពី 8 ដល់ 10 នាក់ និង​មាន​ល្បឿន 901 គីឡូម៉ែត្រ/ម៉ោង រួម​នឹងមាន​សម្ភារៈ​ជាច្រើន​ផ្សេងទៀត មានដូចជា wifi ចង្ក្រាន​ដោយឡែក និង​គ្រែ​សម្រាប់​សម្រាក​ជាដើម។

ក៏ប៉ុន្តែ ដោយសារតែ​ពេលនេះ​គ្រួសារ​របស់ Ronaldo មាន​សមាជិក​ច្រើនជាង​មុន ដូច្នេះ Gulfstream G200​ លែង​សមស្រប​ទៀតហើយ។ ហេតុនេះ​កំពូល​តារាបាល់ទាត់​រប​ស់​ព័រទុយហ្កាល់​ ក៏បាន​​សម្រេចចិត្ត​ពពាយនាយ​លក់​យន្តហោះ​នេះ។

តម្លៃ​លក់​របស់​យន្តហោះ​ប្រណីត​ Gulfstream G200 នេះ​ មិនទាន់​ត្រូវ​បាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ វា​អាចមាន​តម្លៃ​ពី 12 លាន ទៅ 16 លាន​អឺរ៉ូ។ ម្ចាស់​បន្ទាប់​របស់ Gulfstream G200 អាចជា Mbappe ដែល​ជា​កីឡាករ​បារាំង​របស់​ក្លឹប PSG។ Mabappe គឺជា​អ្នកគាំទ្រ​តាំងពី​តូច​របស់ Cristiano Ronaldo ដូច្នេះ នៅពេល CR7 ពពាយនាយ​លក់​យន្តហោះ​នេះ Mbappe ក៏​ប្រញាប់​សួរនាំរក​ទិញ​ភ្លាម។

តាម​គម្រោង បន្ទាប់ពី​លក់​យន្តហោះ Gulfstream G200 Ronaldo នឹង​ងាក​ទៅ​ទិញ Gulfstream G650 ដែលមាន​តម្លៃ​ប្រហែល 65 លាន​ដុល្លារ​អាម៉េរិក ជា​យន្តហោះ​ដែល​មាន​កៅអី​ចំនួន 18 និង​ធំ​ទូលាយ។

Ronaldo បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​បាន​ចាក​ចេញពី Man United ក្រោយ​ការប្រកួត​នៅ World Cup 2022។ នៅឯ​ក្លឹប Al Nassr CR7 ទទួលបាន​ប្រាក់បៀវត្សរ៍ 200 លាន​ដុល្លារ​អាម៉េរិក៕

Kylian Mbappe
Advertisement