អតីត​ខ្សែប្រយុទ្ធ​ថៃ បារម្ភ​ថា អាជ្ញាកណ្ដាល​គាំទ្រ​​ក្រុម​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ AFF Cup 2022

Piyapong Pue-on វ័យ 63 ឆ្នាំ យល់ថា ថៃ​ចាញ់​ប្រៀប​វៀតណាម​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022 ចាប់ពី​បញ្ហា​ធនធានមនុស្ស​រហូតដល់​អាជ្ញាកណ្ដាល។

«វៀតណាម​បាន​សម្រាក​ច្រើនជាង​ថៃ។ យើង​ត្រូវ​រង់ចាំ​ទទួលលទ្ធផល​នៃ​ការពិនិត្យ​ដើម្បី​ដឹងថា Teerasil Dangda អាច​ចូល​ប្រកួត​បានដែរ ឬទេ។ ជារួម វៀតណាម​មាន​អំណោយផល​ជាង។ នេះ​មិនទាន់​និយាយ​ដល់​បរិយាកាស​ខាងក្រៅ​ទីលាន​ប្រកួត​ដែល​អាច​ជះឥទ្ធិពល​មិនល្អ។ រាល់​លើក​ដែល​ថៃ​ទាត់​នៅលើ​ទីលាន​គូប្រកួត សុទ្ធ​តែមាន​បញ្ហា» Piyapong Pue-on អះអាង​ប្រាប់ Thairath ដូច្នេះ។

ថៃ​ត្រូវ​ទទួលផល​មិនល្អ​សម្រាប់​ការប្រកួត​ឈ្នះ​ម៉ាឡេស៊ី 3-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ជើង​ទី​ពីរ​ដោយ​ការរង​របួស​របស់ Teerasil។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ​បើកឆាក​ដោយ​រកបាន 1 គ្រាប់ ប៉ុន្តែ​ត្រូវ​ចាក​ចេញពី​ទីលាន​ក្រោយ​តង់​ទីមួយ។ Teerasil រកបាន 6 គ្រាប់ ដែលជា​តួលេខ​ច្រើនជាងគេ​នៅ AFF Cup 2022។ បើ​សិន​កីឡាករ​នេះ​មិនអាច​ចូល​ប្រកួត​លើ​វាលស្មៅ​របស់​កីឡដ្ឋាន My Dinh នោះ​គឺជា​ការខាតបង់​ដ៏​ធំ​របស់​ថៃ។

អតីត​ខ្សែប្រយុទ្ធ​ថៃ លោក Piyapong Pue-on

Piyapong Pue-on និយាយថា «កត្តា​សំខាន់បំផុត​ដែល​ប៉ះពាល់​ដល់​ការប្រកួត នោះ​គឺ​អាជ្ញាកណ្ដាល (Ko Hyun-jin) ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​ដូច​គ្រូបង្វឹក​របស់​វៀតណាម លោក Park Hang-seo។ AFF មិនគួរ​រៀបចំ​អាជ្ញាកណ្ដាល​ដូច្នេះ​ទាល់តែសោះ ព្រោះ​នឹង​អាចមាន​ការសង្ស័យ។ យើង​ត្រូវ​ទទួលស្គាល់ថា ថៃ អន់​ជាង​គ្រប់​ចំណុច»។

វៀតណាម​ប៉ះ​នឹង​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺជា​ក្ដី​ស្រមៃ​របស់​អ្នកគាំទ្រ​នៅ​វៀតណាម។ ទាំងពីរ​គឺជា​ក្រុម​ជើងឯកថ្មីៗបំផុត​នៅ AFF Cup។ ឆ្នាំ 2018 វៀតណាម មិនបាន​ប៉ះ​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ឆ្នាំ 2020 ថៃ​យកឈ្នះ​កូនសិស្ស និង​គ្រូបង្វឹក Park Hang-seo 2-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លោក Ko Hyun-jin ជនជាតិ​កូរ៉េខាង​ត្បូង នឹង​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង​ថៃ និង​វៀតណាម​

ឆ្នាំនេះ វៀតណាម​ទាត់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ឥណ្ឌូណេស៊ី​មុនគេ ទើបបាន​សម្រាក​ច្រើនជាង​ថៃ​មួយថ្ងៃ។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Park ក៏ត្រូវ​បាន​គេ​ជឿថា មានកូន​សិស្សពូកៗច្រើន​ផងដែរ។

គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​របស់​ក្រុម​វៀតណាម លោក Park Hang-seo

យោងតាមអតីត​ខ្សែប្រយុទ្ធ​ថៃ Piyapong Pue-on លទ្ធផល​ស្មើ 1-1 នៅលើ​ទីលាន​របស់​វៀតណាម នៅ​ព្រលប់​ថ្ងៃទី 13 មករា​នេះ​ ​នឹង​ជា​ជោគជ័យ​សម្រាប់​ថៃ។ ក៏ប៉ុន្តែ Piyapong Pue-on ​​ព្យាករ​ថា ក្រុម​ទាំងពីរ​នឹង​ទាត់​ដោយ​ប្រុងប្រយ័ត្ន ដូច្នេះ​ឱកាស​ស៊ុត​បញ្ចូល​ទី​អាច​នឹងមាន​តិចតួច៕

Advertisement