គ្រូបង្វឹក​ថៃ៖ «មកកាន់​វៀតណាម​មិនមែន​ដើម្បី​សុំ​ស្មើ» តែ​​វៀតណាម​តប​វិញ​ថា «នឹង​ទារបំណុល​ចាស់​ឱ្យបាន»

គ្រូបង្វឹក​ជនជាតិ​កូរ៉េខាង​ត្បូង Park Hang Seo របស់​ក្រុម​វៀតណាម (ឆ្វេង) និង​គ្រូបង្វឹក​កូន​កាត់​ប្រេស៊ីល-​អាល្លឺម៉ង់ លោក Mano Polking របស់​ក្រុម​ថៃ​

គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Mano Polking របស់​ក្រុម​ជម្រើសជាតិ​ថៃ កំណត់​គោលដៅ​ស៊ុត​បញ្ចូល​ទី​ឱ្យបាន ចំណែក​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម ក៏បាន​ឆ្លើយតប​ថា នឹង​ទារ​បំណុល​ចាស់។

«យើង​ត្រូវការ​លទ្ធផល​ល្អ ប៉ុន្តែ តើ​យ៉ាងម៉េច​ដែល​​ហៅថា​លទ្ធផល​ល្អ? ស្មើ​ក៏​ល្អ ប៉ុន្តែ​ឈ្នះ​គឺ​ល្អ​ជាង» គ្រូបង្វឹក Polking ថ្លែង​កាលពី​ថ្ងៃទី 12 មករា​ដូច្នេះ និង​បន្តថា «ពួកយើង​មក​ទីនេះ​មិនមែន​ដើម្បី​សុំ​ស្មើ​ឡើយ។ ពួកយើង​ចង់​រកបាន​គ្រាប់​បាល់ឈ្នះ។ មានច្បាប់​ស្ដីពី​គ្រាប់​បាល់​ឈ្នះ​លើ​ទីលាន​ម្ចាស់​ផ្ទះ ដូច្នេះ​នឹង​ជា​រឿង​ល្អ​បើសិន​ពួកយើង​រកបាន​គ្រាប់​បាល់​នៅ My Dinh»។

ដោយឡែក គ្រូបង្វឹក​របស់​វៀតណាម​ បាន​និយាយថា «ពួកយើង​នៅមាន​កិច្ចការ​ចំនួន​ពីរ​ទៀត​ត្រូវធ្វើ។ នោះ​គឺ​លេង​ឱ្យ​បានល្អ​នៅក្នុង​ជើង​ទីមួយ រកបាន​ជ័យជម្នះ​ដើម្បី​ទារបំណុល​ចាស់​ជាមួយ​ថៃ។ ទី​ពីរ​គឺ​បញ្ចប់​អាណត្តិ​ចុងក្រោយ​របស់​តំណែង​ជើងឯក នាំ​ពាន​មក​ជូន​អ្នកគាំទ្រ។ 5 ឆ្នាំ​កន្លង នៅ​អាស៊ីអាគ្នេយ៍ ខ្ញុំ​ចាញ់​តែមួយ​ប្រកួត​​គត់ គឺ​ការប្រកួត​ចាញ់​ថៃ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Cup 2020»។

នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2020 ថៃ​ឈ្នះ​វៀតណាម 2-0 នៅ​ជើង​ទីមួយ ហើយ​ស្មើ 0-0 នៅ​ជើង​ទី​ពីរ។ ប៉ុន្តែ គ្រូបង្វឹក​ថៃ និយាយថា ពេលនេះ​ក្រុម​ទាំងពីរ​មានការ​ប្រែប្រួល​ច្រើន។

គ្រូបង្វឹក​កូនកាត់​ប្រេ​ស៊ី​ល-អាល្លឺម៉ង់ របស់​ថៃ សង្ឃឹមថា 2 ប្រកួត​នៅ​វគ្គ​ចុងក្រោយបង្អស់​នេះ​នឹង​ល្អមើល​ខ្លាំង ព្រោះតែ​​នេះ​​គឺ​ជា​​ការ​​ប៉ះគ្នា​រវាង​ក្រុម​មួយ​ដែល​ពូកែ​ខាង​វាយលុក និង​ក្រុម​មួយទៀត​ពូកែ​ខាង​ការពារ៕

Advertisement