ក្រុម​ជម្រើសជាតិ​ថៃ​នាំមុខគេ​ស្ដីពី​ការ​​វាយលុក ខណៈ​វៀតណាម​ខ្លាំង​ខាង​ការពារ​នៅ AFF Cup 2022

ការប្រកួត 2 ជើង​នៅ​ថ្ងៃទី 13 មករា និង 16 មករា នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 ទំនងជា​នឹង​ល្អមើល​​ខ្លាំង ​នៅ​ពេល​​ក្រុម​ជម្រើសជាតិ​ថៃ​ពូកែ​ខាង​វាយលុក ចំណែក​វៀតណាម​វិញ ក៏​ខ្លាំង​ខាង​ការការពារ។

គេ​អាច​ប្រដូច​ក្រុម​ជម្រើសជាតិ​ថៃ​ទៅនឹង​ដាវ រីឯ​វៀតណាម​វិញ​គឺ​ប្រៀបបាន​ទៅនឹង​ខែល​ការពារ​នៅ AFF Cup 2022 ​ព្រោះ​ថា​ ថៃ​កំពុង​នាំមុខគេ​នៅក្នុង​ស្ថិតិ​វិជ្ជមាន​នានា​ទាក់ទង​នឹង​ការវាយលុក។ ផ្ទុយទៅវិញ វៀតណាម​នៅតែ​រក្សា​ចំណុច​ពិសេស​ក្នុងសម័យ​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Park Hang-seo នោះ​គឺ​សមត្ថភាព​ការពារ និង​កាត់បន្ថយ​បានជា​អតិបរមា​នូវ​ចំនួន​គ្រាប់​បាល់​ចាញ់។

យោង​តាម​ស្ថិតិ​របស់​ទំព័រ AFF Cup 2022 ក្រុម​ថៃ​នាំមុខគេ​ក្នុង​បញ្ជី​ស្ដីពី​ការ​ស៊ុត​បញ្ចូល​ទី ដោយ​រកបាន 16 គ្រាប់។ ថៃ​ក៏មាន​កីឡាករ​ដែល​កំពុង​នាំមុខគេ​ក្នុង​បញ្ជីចំណាត់​ថ្នាក់​​ស្ដេច​កម្ទេច​សំណាញ់​ទី នោះ​គឺ Teerasil Dangda ដោយ​រកបាន 6 គ្រាប់​ក្នុង 6 ប្រកួត ច្រើនជាង 1 គ្រាប់​ធៀប​នឹង​កីឡាករ​វៀតណាម Nguyen Tien Linh។

ទន្ទឹមនឹងនេះ ប្រធាន​ក្រុម Theerathon Bunmathan និង​កីឡាករ Safawi Rasid របស់​ថៃ ក៏​នាំមុខគេ (4 លើក) ស្ដីពី​ការបង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បានសម្រេច។ កីឡាករ 3 រូប​ដែល​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន​ជោគជ័យ​ច្រើនជាងគេ​បំផុតនៅ AFF Cup 2022 ​គឺ​​បាន​ទៅ​លើ​ក្រុម​​​ថៃ រួម​មាន​កីឡាករ Theerathon, Teerasil និង Ekanit Panya។ កីឡាករ 3 រូប​ដែល​ស៊ុត​ផ្ដាច់​បាន​ច្រើនជាងគេបង្អស់​គិត​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏បាន​ទៅលើ​ក្រុម​ជម្រើសជាតិ​ថៃ ក្នុងនោះ​ដែរ Teerasil មាន​រហូតដល់ 21 លើក ច្រើនជាង​ទ្វេដង​ធៀប​នឹង Bordin Phala និង Peeradol Chamrasamee។

ក្រៅពីនេះ ក្រុម​ថៃ​ក៏មាន​ការបញ្ជូន​បាល់ 3,480 លើក, អត្រា​នៃ​ការបញ្ចូល​បាល់​បានល្អ 87%, ស៊ុត​ផ្ដាច់​បាន 128 លើក, ស៊ុត​ចំ​គោលដៅ 45 លើក, ទទួលបាន​បាល់​ពិន័យ​ជ្រុង 40 លើក និង​បាល់​ប៉េ​ណាំ​ទី​ចំនួន 3 គ្រាប់។ នេះ​គឺ​ជាស​ន្ទ​ស្សន៍​ល្អ​បំផុត​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​មួយ​នៅ AFF Cup 2022។

ចំណែក​ក្រុម​ជម្រើសជាតិ​វៀតណាម​វិញ មកដល់​បច្ចុប្បន្ន គឺជា​ក្រុម​តែមួយគត់​ក្នុង​ប្រវត្តិសាស្ត្រ AFF Cup ដែល​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​មិនមាន​ក្រុម​ណាមួយ​អាច​ស៊ុត​បញ្ចូល​ទី​របស់​ពួក​គេ​​បាន។ អ្នកចាំទី​របស់​វៀតណាម Dang Van Lam ក៏​ជា​កីឡាករ​ដែល​រក្សា​ទី​បាន «ស្អាត» ជាង​គេ​ ក្នុង 6 ប្រកួត (540 នាទី​ផ្លូវការ) របស់​ពានរង្វាន់​នេះ។

ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 រវាង​វៀតណាម និង​ថៃ នៅឯ​កីឡដ្ឋាន My Dinh ក្នុង​រដ្ឋធានី​ហាណូយ នឹងធ្វើ​ឡើង​នៅ​ម៉ោង 19 និង 30 នាទី ថ្ងៃទី 13 មករា 2023៕

Advertisement