AFF Cup 2022 – គ្រូបង្វឹក Polking ថា «ថៃរង​ផល​អវិជ្ជមាន​ច្រើន​» ​មុន​ប៉ះវៀតណាម​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ

(ប្រទេស​ថៃ)- គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល របស់​ក្រុម​ជម្រើសជាតិ​ថៃ បានឱ្យដឹងថា ថៃ​រង​ផល​មិនល្អ​ជាច្រើន​នៅពេល​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ត្រូវ​ប៉ះ​នឹង​វៀតណាម។

នៅ AFF Cup 2020 គ្រូបង្វឹក Mano Polking ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ បាន​យកឈ្នះ​លើ​វៀតណាម 2-0 ក្រោយ​ការប្រកួត​ពីរ​ជើង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុនពេល​ផ្ដួល​ឥណ្ឌូណេស៊ី ដើម្បី​ក្លាយជា​ជើងឯក។ ក៏ប៉ុន្តែ កាលពី​រដូវ​កាលនោះ ក្រុម​ទាំងអស់​ត្រូវ​ទៅ​ទាត់​នៅ​សិង្ហ​បុរី។ ចំណែក AFF Cup 2022 ក្រុម​ទាំងអស់​ត្រូវ​ទាត់​តាម​រូបមន្ត «ធ្វើជា​ភ្ញៀវ និង​ម្ចាស់ផ្ទះ»។ ដូច្នេះ គ្រូបង្វឹក​របស់​ថៃ វាយតម្លៃថា «វៀតណាម​មានប្រៀប​ជាង​ច្រើន​ផ្នែក»។

«វៀតណាម​បាន​សម្រាក​ច្រើនជាង​ពួក​ខ្ញុំ​មួយថ្ងៃ» លោក Polking ថ្លែង​ដូច្នេះ បន្ទាប់ពី​បាន​ផ្ដួល​ម៉ាឡេស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃទី 10 មករា និង​បន្តថា «…បន្ទាប់មក ពួកគេ​បាន​ទាត់​នៅលើ​ទីលាន​របស់​ពួកគេ​នៅ​ជើង​ទីមួយ​វគ្គ​ផ្ដាច់ព្រ័ត្រ ដូច្នេះ​យើងខ្ញុំ​ចាញ់​ប្រៀប​ជាង»។ ក៏ប៉ុន្តែ គ្រូបង្វឹក​របស់​ថៃ​អះអាងថា «បើសិន​ត្រូវ​ជ្រើសរើស ខ្ញុំ​នៅតែ​ចង់បាន​ស្ថានភាព​បច្ចុប្បន្ន»។

 

គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Polking (ឆ្វេង) អបអរ​ជាមួយនឹង​ប្រធាន​ប្រតិភូ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ អ្នកស្រី Nualphan Lamsan បន្ទាប់ពី​ថៃ​យកឈ្នះ​លើ​ម៉ាឡេស៊ី 3-0 នៅ​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 កាលពី​ថ្ងៃទី 10 មករា 2023

ពេលនេះ គោលដៅ​របស់​ថៃ​គឺ​ការយក​កម្លាំង​មកវិញ មុនពេល​ផ្លាស់​ទី និង​មាន​វត្ត​មាននៅ រដ្ឋធានី​ហាណូយ នៅ​ព្រលប់​ថ្ងៃទី 11 មករា។ ក្រុម​នេះ​នឹង​ហ្វឹកហាត់​សាកល្បង​នៅលើ​ទីលាន My Dinh មួយពេល​ក្នុង​ថ្ងៃទី 12 មករា មុនពេល​ចូល​ប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 13 មករា។ 3 ថ្ងៃ​ក្រោយមក ការប្រកួត​ជើង​ទី​ពីរ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Thammasat នៅ​រាជធានី​បាងកក។

ថៃ ប្រកួត​នឹង​ វៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទីពីរ​នៅ AFF Suzuki Cup 2020

ក្នុងការ​ប្រកួត​ 14 រដូវ​កាលនៅ AFF Cup ថៃ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន 10 ដង។ ពួកគេ​ធ្លាប់​ដណ្ដើមបាន​ជើងឯក 6 រដូវ​កាល គឺ​នៅ​ឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2020 ព្រមទាំង​ដណ្ដើមបាន​លេខ 2 ចំនួន 3 រដូវ​កាល គឺ​នៅ​ឆ្នាំ 2007, 2008 និង 2012។ នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ថៃ​ត្រូវ​ប្រកួត​នឹង​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​លើកដំបូង​នៅ​ឆ្នាំ 2008។ កាលណោះ វៀតណាម​ឈ្នះ​ថៃ 2-1 នៅ​កីឡដ្ឋាន Rajamangala មុនពេល​ស្មើ 1-1 នៅ​កីឡដ្ឋាន My Dinh ដែល​ជួយ​ឱ្យ​​វៀតណាម​​បាន​ក្លាយជា​ជើងឯក​លើកដំបូង។ ក្នុង 28 ប្រកួត ថៃ​នៅតែ​មានប្រៀប​ជាង​វៀតណាម ក្នុងនោះ ថៃ​ឈ្នះ 16 ប្រកួត, ស្មើ 9 ប្រកួត និង​ចាញ់ 3 ប្រកួត។

ថៃ ប្រកួត​នឹង​ វៀតណាម នៅវគ្គ​ផ្តាច់ព្រ័ត្រ ជើងទីពីរ​នៅ AFF Suzuki Cup 2008

នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Cup 2022 ថៃ​បាន​ចាញ់​ម៉ាឡេស៊ី 0-1 ក្នុង​ជើង​ទីមួយ និង​ឈ្នះ 3-0 នៅ​ជើង​ទី​ពីរ មុនពេល​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹងត្រូវ​ប៉ះ​វៀតណាម​នៅ​ជើង​ទីមួយ​ដែល​ប្រកួត​នៅ​ថ្ងៃទី 13 មករា​ នៅ​វៀត​ណា និង​ជើង​ទី​ពីរ​នៅ​ថ្ងៃទី 16 មករា នៅ​ប្រទេស​ថៃ៕

Advertisement