មិត្ត​រួម​ក្រុម​នៅ​​បារាំង ឈរ​ជា​ជួរ ទទួល​ស្វាគមន៍ Lionel Messi មក​កាន់​ក្លឹប PSG

(បារាំង)- Lionel Messi ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដី​ពី​មិត្ត​រួម​ក្រុម នៅពេល​ត្រលប់​ទៅកាន់ បារី​ស ដើម្បី​ហាត់​សមជា​មួយ​ក្លឹប PSG ក្រោយ​រយៈពេល 2 សប្ដាហ៍​ដែល​បាន​សម្រាក​បន្ទាប់ពី World Cup 2022 នៅ កាតា បានបញ្ចប់។

ព្រឹក​ថ្ងៃទី 04 មករា 2023 Messi បាន​ទៅដល់​ទីលាន​ហ្វឹកហាត់ PSG។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​គាត់​បង្ហាញខ្លួន​នៅឯ​ក្លឹប បន្ទាប់ពី អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022។

លើកចុងក្រោយ​បង្អស់​ដែល Messi លេង​ឱ្យ​ក្លឹប PSG គឺ​នៅក្នុង​ការប្រកួត​ឈ្នះ Auxerre កាលពី​ថ្ងៃទី 13 វិច្ឆិកា 2022 នៅ Ligue I មុនពេល​ទៅ​ចូលរួម​ប្រកួត និង​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup កាលពី​ខែធ្នូ 2022។

Messi ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មិត្ត​រួម​ក្រុម​នៅ​ក្លឹប PSG ក្នុងនោះ​មាន Neymar (មកពី ប្រេ​ស៊ី​ល), Carlos Soler (មកពី អេ​ស្ប៉ា​ញ), Nuno Mendes (មកពី ព័រទុយហ្កាល់) ជាដើម។ល។

បន្ទាប់ពី​ស្វាគមន៍​គ្នា​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ Messi ក៏បាន​ចេញមក​ទីលាន​ហ្វឹកហាត់ ដោយមាន​ការទទួល​អ​ប​អរ​របស់​សមាជិក​ក្លឹប PSG។ មិត្ត​រួម​ក្រុម បុគ្គលិក​របស់​ក្លឹប ឈរ​ជា​ជួរ ទះដៃ អបអរសាទរ​ប្រធាន​ក្រុម​របស់ អា​ហ្ស​ង់​ទីន។

តំណាង​គណៈកម្មការ​គ្រប់គ្រង​ក្លឹប PSG របស់ បារាំង ក្រោយមក​ក៏បាន​ប្រគល់​ពាន​អនុស្សាវរីយ៍​ជើងឯក World Cup ដល់ Messi។

កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បាន​យល់ព្រម​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយនឹង PSG និង​ត្រូវ​ទាត់​ឱ្យ​ក្លឹប​រហូតដល់​ឆ្នាំ 2024។ តាម​គម្រោង កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​ចុះហត្ថលេខាឆាប់ៗនេះ៕

Advertisement