Messi និង Ronaldo អាច​ប៉ះ​គ្នា​​លើ​ទឹក​​ដី​​អា​រ៉ា​ប៊ី​សា​អូឌីត​ នៅ​​ដើម​​ឆ្នាំ​នេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo ប្រហែលជា​នឹងត្រូវ​ប៉ះ Lionel Messi នៅពេល​ក្រុម​របស់​ក្លឹប PSG របស់ បារាំង មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ប្រកួត​មិត្តភាព​នៅ​ចុង​ខែម​ករានេះ។

យោងតាម Sunsport ក្លឹប PSG ធ្លាប់​រៀប​គម្រោង​មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ទាត់​មិត្តភាព​ជាមួយ​ក្រុម All Stars ដែលមាន​តារាបាល់ទាត់​មកពី​ពីរ​ក្លឹប​របស់​ប្រទេស​នេះ រួមមាន​ក្លឹប Al Hilal អ្នកការពារ​ជើងឯក​នៅ AFC Champions League និង​ក្លឹប Al Nassr ដែលជា​ក្លឹប​ថ្មី​របស់ Ronaldo។

ការប្រកួត​មិត្តភាព​ខាងលើ​ស្ថិតក្នុង​ក្រម​ខណ្ឌ Riyadh Season Cup ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ចុងខែ​មករា 2022 ប៉ុន្តែ​ត្រូវ​ពន្យារពេល​ដោយសារ​កូ​វីដ។ PSG និង​ពីរ​ក្លឹប​របស់ អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បើក​កិច្ចប្រជុំ​នាពេលខាងមុខ ដើម្បី​កំណត់​កាលបរិច្ឆេទ​នៃ​ការប្រកួត​មិត្តភាព​នេះ។ ការប្រកួត​នេះ​ទំនងជា​អាច​ត្រូវធ្វើឡើង​នៅក្នុង​ថ្ងៃទី 19 មករា 2023។

Ronaldo មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​មិត្តភាព​នេះ ដោយ​សារបាន​ក្លាយជា​កីឡាករ​របស់​ក្លឹប Al Nassr ទៅហើយ។ បើសិនជា​បាន​ចូល​ទាត់ Ronaldo ប្រហែលជា​នឹង​អាច​បាន​ប៉ះ​នឹង Messi ដែលជា​កីឡាករ​របស់​ក្លឹប PSG។ ក៏ប៉ុន្តែ គេ​មិនទាន់​ប្រាកដថា Messi នឹង​បាន​ចូលរួម​ប្រកួត ឬ​យ៉ាងណា​នៅឡើយ ព្រោះថា PSG មិនទាន់មាន​វត្តមាន​របស់​កីឡាករ​នេះ ក្រោយពី អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ជើងឯក World Cup 2022៕

Advertisement