មនុស្ស​រាប់សែន​នាក់មក​គោរព និង​ជូន​ដំណើរ​សព​ស្ដេច​បាល់ទាត់ Pele ជា​លើកចុងក្រោយ

(ប្រេ​ស៊ី​ល)- មនុស្ស​ប្រហែល 230,000 នាក់ បានមក​គោរព​វិញ្ញាណក្ខន្ធ ដាក់​កម្រងផ្កា និង​រាប់ម៉ឺន​នាក់​មកកាន់​ទីក្រុង Santos ជូន​ដំណើរ​សព​ស្ដេច​បាល់ទាត់ Pele ជា​លើកចុងក្រោយ។

ពិធី​គោរព​វិញ្ញាណក្ខន្ធ ដាក់​កម្រង​ផ្កាយ​ជូន​សព​ស្ដេច​បាល់ទាត់ Pele ត្រូវបាន​ធ្វើឡើង​នៅលើ​ទីលាន​បាល់ទាត់ Vila Belmiro ដែលជា​ទីលាន​ប្រកួត​របស់​ក្លឹប Santos នៅវេលា​ម៉ោង 10 ថ្ងៃទី 02 មករា ម៉ោង​នៅ ប្រេ​ស៊ី​ល។ ក្រុមគ្រួសារ​សព​បាន​ត្រៀ​ម​សម្រាប់​កិច្ចការ​បន្ទាប់​ចុងក្រោយ​ជូន​សព​លោក Pele មុនពេល​បិទ​ក្ដារ​មឈូស​បញ្ចុះសព។

ក្នុង​រយៈពេល 24 ម៉ោង មនុស្ស​ប្រហែល 230,000 នាក់ បានមក​គោរព​វិញ្ញាណក្ខន្ធ​លោក Pele។ មនុស្សម្នា​តម្រង់​ជួរ​ប្រវែង 2 គីឡូម៉ែត្រ រង់ចាំ​ចូល​គោរព​វិញ្ញាណក្ខន្ធ។ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Luiz Inacio Lula da Silva និង​ប្រធាន FIFA ក៏បាន​ចូលរួម​ពិធី​នេះដែរ។

ក្រោយពិធី​ខាងលើ សព​របស់លោក Pele ត្រូវបាន​ដង្ហែ​ចាក​ចេញពី​ទីលាន Vila Belmiro ហើយ​តម្កល់​លើ​​រថយន្ត​ដើម្បី​បន្ត​ហែ​តាម​ដងផ្លូវ​នៅ Santos។

ទីឋាន​សម្រាក​ចុងក្រោយ​របស់​សព​លោក Pele គឺជា​អគារ 14 ជាន់​ដែលមាន​បន្ទប់​បញ្ចុះ​​សព​ចំនួន 14,000 បន្ទប់។ សព​លោក Pele ត្រូវបាន​បញ្ចុះ​នៅ​ជាន់​ទី 9 ជាទី​ដែល​អាច​មើលទៅ​កាន់​​ទីលាន​បាល់ទាត់ Vila Belmiro។

ស្ដេច​បាល់ទាត់ Pele បានទទួល​មរណភាព​កាលពី​ថ្ងៃទី 29 ធ្នូ 2022 ក្នុង​វ័យ 82 ឆ្នាំ ដោយសារ​ជំងឺមហារីក​ពោះវៀន។ លោក​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន 1,279 គ្រាប់ ក្នុងនោះ​មាន​ឯតទគ្គ​កម្ម 643 គ្រាប់​សម្រាប់​ក្លឹប Santos និង​កំណត់ត្រា 77 គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល។ លោក Pele បាន​ជួយ​ឱ្យ ប្រេ​ស៊ី​ល ដណ្ដើមបាន​ជើងឯក World Cup ចំនួន 3 លើក គឺ​នៅ​ឆ្នាំ 1958, 1962 និង 1970៕

Advertisement