ទិដ្ឋភាព​នៃ​ពី​ធី​បង្ហាញខ្លួន​របស់ Ronaldo នៅ​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត

ក្នុង​ព្រឹត្តិការណ៍​បង្ហាញខ្លួន​កាលពី​ព្រលប់​ថ្ងៃទី 03 មករា 2022 កីឡាករ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​អះអាងថា មក​ចូលរួម​ក្លឹប Al Nassr ដើម្បី​ស្វែងរក​បទពិសោធន៍​លំបាក ទាំង​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត។

នៅវេលា​ម៉ោង​ប្រហែល 23 និង 05 នាទី ម៉ោង​នៅ កម្ពុជា Ronaldo បង្ហាញខ្លួន​នៅ​ខាងក្រៅ​វាលស្មៅ Mrsool Park។ គាត់​ត្រូវបាន​ក្រុម​អង្គរក្ស​អម​ការពារ​ចូលទៅក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយនឹង​គ្រូបង្វឹក Rudi Garcia និង​ប្រធាន Musalli Al-Muammar។

ក្នុង​សន្និសីទ​នេះ Ronaldo និយាយថា «ពី 10 15 ឆ្នាំ​កន្លង បាល់ទាត់​បាន​ប្រែប្រួល​ច្រើន។ ក្រុម​នានា​បាន​ត្រៀមខ្លួន​ម៉ត់ចត់​ជាង​មុន។ គ្រប់គ្នា​អាច​ឃើញ​ប្រការនេះ​នៅ World Cup។ អា​រ៉ា​ប៊ី​សា​អូឌីត ឈ្នះ​ក្រុម​ជើងឯក។ កូរ៉េខាងត្បូង បណ្ដា​ក្រុម​នៅ អាហ្វ្រិក សុទ្ធតែ​បង្ក​ភាព​ភ្ញាក់ផ្អើល។ ពេលនេះ ការយក​ឈ្នះ​មួយ​ប្រកួត​មិនមែន​ងាយស្រួល​ឡើយ។ ដូច្នេះហើយ ចំពោះ​ខ្ញុំ ការ​មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត ប្រកួត មិនមែនជា​ទីបញ្ចប់រ​បស់​អាជីព​នោះទេ»។

Ronaldo បន្ថែមថា អ្នក​ដែល​បាន​ចំអក​ឱ្យ​គាត់ ទាក់ទង​នឹង​ការ​មក​ចូលរួម​ជាមួយ​ក្លឹប Al Nassr «ពិតជា​មិនបាន​យល់​អ្វី​អំពី​បាល់ទាត់» ព្រោះ​ពានរង្វាន់​ជើងឯក​នៅ​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ ពិតជា​មានការ​ប្រកួត​ប្រជែង​ខ្ពស់។ «បើសិនជា​អាច ខ្ញុំ​ចង់ឱ្យ​គ្រូបង្វឹក​អនុញ្ញាតឱ្យ​ខ្ញុំ​ចូល​ប្រកួតភ្លាមៗនៅ​ថ្ងៃស្អែក» Ronaldo សង្កត់ធ្ងន់​ដូច្នេះ។

ក្រោយពី​សន្និសីទ​សារព័ត៌មាន​បានបញ្ចប់ Ronaldo ក៏បាន​ជួប​មិត្ត​រួម​ក្រុម​ថ្មី​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ហើយ​ចេញទៅ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ប្រហែល 25,000 នាក់។ អ្នកគាំទ្រ​ទាំងនេះ​បាន​រង់ចាំ​ជាង 1 ម៉ោង ដើម្បី​បានឃើញ​កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់ ក្នុង​ឈុត​កីឡា។

Ronaldo អះអាងថា គាត់​មាន​មោទកភាព​នៅពេល​បានមក​កាន់ Al Nassr ព្រោះថា នេះ​គឺជា​ឧបសគ្គ​ថ្មី​ក្នុង​អាជីព ក្រោយពី​សម្រេចបាន​គ្រប់យ៉ាង​នៅ អឺរ៉ុប។ «ខ្ញុំ​បាន​បដិសេធ​ការអញ្ជើញ​ពី​ក្លឹប​ជាច្រើន​នៅ អឺរ៉ុប អាម៉េរិក ប្រេ​ស៊ី​ល អូស្ត្រាលី ឬ ព័រទុយហ្កាល់ ដើម្បី​មក​ទីនេះ​ ដោយ​សង្ឃឹមថា អាចជួយ​ជា​ប្រយោជន៍​តាមរយៈ​បទពិសោធន៍ និង​ការយល់ដឹង​របស់ខ្លួន»។

Ronaldo បាន​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​ស្វាគមន៍​ពី អា​រ៉ា​ប៊ី​សា​អូឌីត។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ​ក៏បាន​ចុះ​ហត្ថ​លេខ និង​ចែក​បាល់​ជូន​អ្នកគាំទ្រ​មួយចំនួន​ផងដែរ។

សមាជិកគ្រួសារ​របស់ Ronaldo ក៏ត្រូវ​បាន​ណែនាំ​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​។ ព្រឹត្តិការណ៍​នេះ​បានបញ្ចប់​បន្ទាប់ពី Ronaldo និង​គ្រួសារ ដើរទៅ​កាន់​ផ្លូវ​ក្រោម​ដី អម​ជាមួយនឹង​សំឡេង​ហ៊ោ​ពី​អ្នកគាំទ្រ។

Ronaldo បាន​ទៅដល់​ព្រលានយន្តហោះ Riyadh កាលពី​ព្រឹក​ថ្ងៃទី 03 មករា 2022 និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ប្រធាន​ក្លឹប Al Nassr។ នៅ​ក្លឹប​នេះ CR7 នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍ 75 លាន​ដុល្លារ/ឆ្នាំ។ ប្រាក់ចំណូល​សរុប​រប​ស់​គាត់​អាច​ឡើងដល់ 200 លាន​ដុល្លារ​អាម៉េរិក បើ​បូក​រួមទាំង​ចំណូល​ពី​ម្ចាស់​ឧបត្ថម្ភ និង​ផ្សាយពាណិជ្ជកម្ម៕

Advertisement