(AFF Cup 2022) – ក្រោយ​យកឈ្នះ​លើ​កម្ពុជា ថៃ​និយាយថា «នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ះ​ក្រុម​ណា​ក៏​ដូច​តែ​ក្រុម​ណា»

គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ថៃ Mano Polking និយាយថា ថៃ​ប្រឹងប្រែង​កាន់កាប់​ពូ​ល A គឺ​ដើម្បី​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 នៅលើ​ទីលាន​របស់ខ្លួន ពោលគឺ​មិនមែន​ដើម្បី​គេច​ពី​ក្រុម​ដែល​ខ្លាំង​នោះឡើយ។

ក្រុម​ថៃ បាន​យកឈ្នះ​លើ​កម្ពុជា 3-1 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​កាលពី​ព្រលប់​ថ្ងៃទី 02 មករា 2023 ហើយ​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Cup 2022 ក្នុងនាម​ជា​អ្នក​នាំមុខគេ​នៅ​ពូ​ល A។ គូប្រកួត​បន្ទាប់​របស់​កូនសិស្ស និង​គ្រូបង្វឹក​ថៃ នឹង​ជា​ក្រុម​លេខ 2 នៅ​ពូ​ល B។

ការប្រកួត​នានា​នៅ​ជុំ​ចុងក្រោយ​របស់​ពូ​ល B នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 03 មករា​នេះ។ វៀតណាម ដែល​កំពុង​នាំមុខគេ​ដោយមាន 7 ពិន្ទុ នឹង​ទទួល​ក្រុម​របស់ មី​យ៉ាន់​ម៉ា (ក្រុម​ដែល​ត្រូវបាន​ជម្រុះ​រួចហើយ)។ សិង្ហ​បុរី ឈរ​លំដាប់​ទី​ពីរ​ក៏មាន 7 ពិន្ទុ នឹងត្រូវ​ប៉ះ ម៉ាឡេស៊ី ដែលមាន 6 ពិន្ទុ។

នៅក្រោយ​ការប្រកួត​ឈ្នះ​កម្ពុជា 3-1 គ្រូបង្វឹក Polking របស់ ថៃ បាន​ច្រានចោល​មតិ​ដែលថា ថៃ ព្យាយាម​ដណ្ដើមយក​តំណែង​កំពូល​តារាង​គឺ​ដើម្បី​ជៀសវាង​គូប្រកួត​ដែលមាន​កម្លាំង​ខ្លាំង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ លោក Polking អះអាងថា «គោលដៅ​របស់​យើង​គឺ​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុងនាម​ជា​អ្នក​នាំមុខ​ដើម្បី​បាន​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅលើ​ទឹកដី​របស់ខ្លួន។ ចំណែក​ការ​ប៉ះ​នឹង​ក្រុម​ណា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ដូច​តែ​គ្នា​នោះដែរ»។

ថៃ​បច្ចុប្បន្ន​គឺជា​អ្នកការពារ​តំណែង​ជើងឯក AFF Cup បន្ទាប់ពី​ដណ្ដើមបាន​កាលពី​ឆ្នាំ 2021 ពេល​បាន​យកឈ្នះ​វៀតណាម 2-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដួល​ឥណ្ឌូណេស៊ី 6-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Advertisement