ការប្រកួតវគ្គ​ផ្ដាច់​ព្រ័ត្រ​ AFF Cup 2020 នឹង​កើត​ឡើង​ជាថ្មី​​នៅ​ជុំចុង​ក្រោយ​នៃ​​ពូល A របស់ AFF Cup 2022

យោងតាម​ព័ត៌មាន​ពី​ទំព័រ​បាល់ទាត់​អាស៊ាន (ASEAN FOOTBALL) ទិដ្ឋភាព​ចាស់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2020 រវាង ឥណ្ឌូណេស៊ី និង ថៃ ដែល​នឹង​បង្ហាញ​ជាថ្មី​នៅ​ថ្ងៃ​ស្អែ​ត ទទួលបាន​ការគាំទ្រ​ដ៏​សម្បើម​ពី​ទស្សនិកជន។

ជាក់ស្ដែង បើទោះជា សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី បាន​បញ្ចេញ​សំបុត្រ 50,000 សម្រាប់​ការប្រកួត «វគ្គ​ផ្ដាច់ព្រ័ត្រ» របស់​ពូ​ល A នៅ AFF Cup 2022 រវាង ឥណ្ឌូណេស៊ី និង ថៃ ប៉ុន្តែ​ក្រោយ​ការដាក់​លក់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ សំបុត្រ​ទាំងនោះ​​ត្រូវបាន​ទិញ​អស់​គ្មាន​សល់។

នេះ​គឺជា​ការប្រកួត​ដែល​ត្រូវបាន​ចាត់ទុកថា​សំខាន់​នៅ​ពូ​ល A របស់ AFF Cup 2022។ ថៃ គឺជា​គូប្រជែង​ដែលមាន «និស្ស័យ» ច្រើន​ជាមួយនឹង ឥណ្ឌូណេស៊ី។ នៅ​ពានរង្វាន់ AFF Cup កន្លងទៅថ្មីៗដែល​ធ្វើឡើង​នៅ សិង្ហ​បុរី «ដំរី​ប្រយុទ្ធ​ថៃ» ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក​ពី ឥណ្ឌូណេស៊ី ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​របស់​ប្រទេសដែល​​មាន​កោះ​ច្រើនជាងគេ​លំដាប់​ទី 6 លើ​លោក ត្រូវ​ជាប់​លេខ 2 ជា​លើក​ទី 6 នៅក្នុង​ការប្រកួត​ពាន​រង្វាន់​ធំ​បង្អស់​ប្រចាំ ASEAN។

បច្ចុប្បន្ន ទាំង ឥណ្ឌូណេស៊ី ទាំង ថៃ សុទ្ធតែ​កំពុង​បញ្ចេញ​អំណាច​ដ៏​អស្ចារ្យ​នៅ AFF Cup 2022 ដោយ​រកបាន 6 ពិន្ទុ​ដូចគ្នា​ក្រោយ​ការប្រកួត 2 ជុំ និង​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់។ ថៃ កំពុង​នាំមុខ​បណ្ដោះអាសន្ន​លើ​គូប្រជែង ដោយមាន​គ្រាប់​បាល់​ចំណេញ (goal different) ​​ច្រើន​ជាង​​តែ 1 គ្រាប់​ប៉ុណ្ណោះ។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នឹងត្រូវ​ប្រកួត​ជាមួយ​ជើងឯក​ថៃ នៅវេលា​ម៉ោង 16 និង 30 នាទី ថ្ងៃទី 29 ធ្នូ 2022 ខាងមុខ៕

Advertisement