Man Utd ត្រូវតែ​បំបែក​ឯតទគ្គ​កម្ម​ បើ​ចង់​​ទិញ​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup

ខ្សែបម្រើរបស់ អាហ្សង់ទីន Enzo Fernandez

ក្លឹប Man Utd និង Liverpool នឹងត្រូវ​បំបែក​ឯតទគ្គ​កម្ម​ស្ដីពី​តម្លៃ​នៃ​ការដោះដូរ​ បើសិនជា​ចង់​ទិញ​ខ្សែបម្រើ​របស់ អា​ហ្ស​ង់​ទីន Enzo Fernandez ពី Benfica។

យោងតាម​សារព័ត៌មាន​អង់គ្លេស Sunsport ក្លឹប Benfica មិនមាន​ចេតនា​លក់ Fernandez ក្នុងតម្លៃ «ទាប​ជាង 1 សេន» ធៀប​នឹង​លក្ខខណ្ឌ​តម្លៃ 127 លាន​ដុល្លារ​អាម៉េរិក។ ខ្សែបម្រើ​វ័យ 21 ឆ្នាំនេះ ទើបតែ​បាន​ចូលរួម​ជាមួយ​ក្លឹប​របស់ ព័រទុយហ្កាល់ កាលពី​រដូវក្ដៅ​ឆ្នាំនេះ ហើយ​កិច្ចសន្យា​នៅសល់​​រហូតដល់​ឆ្នាំ 2027។

ដូច្នេះ Man Utd នឹងត្រូវ​បំបែក​ឯតទគ្គ​កម្ម​ក្នុងការ​ដោះដូរ​របស់​ក្លឹប បើសិន​ចង់​ទិញ Fernandez នៅ​ខែមករា 2023។ ឯតទគ្គ​កម្ម​បច្ចុប្បន្ន​របស់ Man Utd នៅតែ​ជា​ករណី​ទិញដូរ​តម្លៃ 107 លាន​ដុល្លារ​អាម៉េរិក ដែល​បាន​នាំយក​ខ្សែបម្រើ Paul Pogba ត្រលប់​ទៅកាន់​ទីលាន Old Trafford កាលពី​ឆ្នាំ 2016។

ដូចគ្នានេះដែរ Liverpool ក៏ត្រូវ​បំបែក​កំណត់ត្រា 102 លាន​ដុល្លារ​របស់ Darwin Nunez ពី Benfica នៅ​រដូវ​ដោះដូរ​កីឡាករ​ឆ្នាំ 2022 បើ​ចង់​ចុះកិច្ចសន្យា​ជាមួយ Fernandez នាពេល​ខាងមុខ។

ក្លឹប Newcastle ត្រូវបាន​គេ​ជឿថា ជា «ចំណត» ថ្មី​ដែលមាន​សក្ដានុពល​រប​ស់ Fernandez ប៉ុន្តែ គ្រូបង្វឹក Eddie Howe ទទួលស្គាល់ថា ថ្លៃ​ដោះដូរ​កីឡាករ​នេះ​គឺ​ខ្ពស់​ណាស់។

ពី អេ​ស្ប៉ា​ញ Real Madrid ក៏​កំពុង​ស្រាវជ្រាវ​រក​វិធី​ដើម្បី​ទិញ Fernandez ក្នុងករណី​មិនអាច​ទិញ Jede Bellingham របស់ ក្រុម​ជម្រើសជាតិ​អង់គ្លេស។

Fernandez ទទួល​បានការ​សាទរ​ខ្លាំង​នៅពេល​បណ្ដើរ​បាល់ និង​ស៊ុត​បាល់​ហោះ​កោង​ខ្ពស់​សំដៅ​ទី ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ម៉ិ​ក​ស៊ិ​ក 2-0 ក្នុងការ​ប្រកួត​ជុំ​ទី​ពីរ​នៃ​វគ្គ​សន្សំ​ពិន្ទុ​របស់ World Cup 2022។ ក្រោយ​រកបាន 1 គ្រាប់​នេះ Fernandez ក៏​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង ហើយ​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup 2022។

Fernandez មានតម្លៃ​ខ្លួន​ស្មើនឹង​ខ្សែបម្រើ Cristian Romero របស់ Tottenham ហើយក៏​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី Lautaro Martinez៕

Advertisement