តម្លៃ​ខ្លួន​របស់​​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កើនឡើង​ខ្ពស់ ក្រោយ World Cup 2022

ក្រុមជម្រើស​ជាតិ​អាហ្សង់ទីន

តម្លៃខ្លួន​​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កើន 69 លាន​ដុល្លារ​អាម៉េរិក បន្ទាប់ពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022 នេះ​បើតាម​សារព័ត៌មាន​កីឡា​របស់ អាល្លឺម៉ង់ Transfermarkt ចុះផ្សាយ​កាលពី​ថ្ងៃទី 23 ធ្នូ។

ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន មាន​កីឡាករ 7 រូប​ដែលមាន​តម្លៃ​ខ្លួន​កើនឡើង​ខ្ពស់​នៅក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ ពិសេស​គឺ Enzo Fernandez។ ដោយ​តម្លៃ​ខ្លួន​កើន​ពី 37 លាន ឡើងដល់ 58 លាន​ដុល្លារ​អាម៉េរិក Fernandez គឺជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​កើនឡើង​ខ្ពស់​ខ្លាំងជាងគេ​នៅ​ឆ្នាំ 2022។

កាលពី​រដូវក្ដៅ 2021 Benfica ទិញ​កីឡាករ Fernandez វ័យ 21 ឆ្នាំ ពី River Plate ក្នុងតម្លៃ​មិន​ដល់ 13 លាន​ដុល្លារ​អាម៉េរិក។ Benfica ត្រូវបាន​គេ​ជឿថា នឹង​រកបាន​ប្រាក់ចំណេញ​ច្រើន​ពី​ការដោះដូរ​កីឡាករ Fernandez នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​ខាងមុខ។ កិច្ចសន្យា​របស់ Fernandez ជាមួយនឹង Benfica នៅមាន​សុពលភាព​ដល់​ឆ្នាំ 2027។

Fernandez ទទួល​បានការ​សាទរ​ខ្លាំង​នៅពេល​បណ្ដើរ​បាល់ និង​ស៊ុត​បាល់​ហោះ​កោង​ខ្ពស់​សំដៅ​ទី ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ម៉ិ​ក​ស៊ិ​ក 2-0 ក្នុងការ​ប្រកួត​ជុំ​ទី​ពីរ​នៃ​វគ្គ​សន្សំ​ពិន្ទុ​របស់ World Cup 2022។ ក្រោយ​រកបាន 1 គ្រាប់​នេះ Fernandez ក៏​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង ហើយ​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​នៅ World Cup 2022។ Fernandez មានតម្លៃ​ខ្លួន​ស្មើនឹង​ខ្សែបម្រើ Cristian Romero របស់ Tottenham ហើយក៏​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី Lautaro Martinez។

ក្នុង ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្រៅពី Fernandez ក៏​នៅមាន​កីឡាករ​ច្រើន​រូប​ទៀត​ដែលមាន​តម្លៃ​ខ្លួន​កើនឡើង​ខ្ពស់ រួមមាន​ដូចជា Julian Alvarez កើន​ពី 34 លាន ឡើងដល់ 53 លាន​ដុល្លារ​អាម៉េរិក និង Lionel Messi 53 លាន​ដុល្លារ។

កីឡាករ Enzo Fernandez

កីឡាករ​អា​ហ្ស​ង់​ទីន ដែល​ត្រូវ​បានកំណត់​តម្លៃ​ខ្លួន​ទាប​ជាងគេ​គឺ Nicolas Otamendi (3.1 លាន​ដុល្លារ), Franco Armani (3.4 លាន), Alejandro Gomez (4.2 លាន) និង German Pezzella (5.3 លាន)។ ចំណែក​កីឡាករ​លេចធ្លោ រួមមាន Emiliano Martinez (26.6 លាន), Alexis Mac Allister (34 លាន), Rodrigo De Paul (37 លាន), និង Nahuel Molina (19 លាន)។

តម្លៃ​ខ្លួន​សរុប​របស់​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នាបច្ចុប្បន្ន​គឺ 757 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង 69 លាន​ដុល្លារ​ ​ធៀប​នឹង 688 លាន​ដុល្លារ មុន World Cup 2022៕

Advertisement