Richarlison ទទួលបាន «ពានរង្វាន់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត» នៅ World Cup 2022

Richarlison ស៊ុតបញ្ចូលទីដោយប្រើប្រាស់បច្ចេកទេសល្អបំផុត

(កាតា)- ការ​លោត​ផ្ដេកខ្លួន​ទាត់​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ដែល ប្រេ​ស៊ី​ល ឈ្នះ ស៊ែ​ប៊ី 2-0 ត្រូវបាន​ជ្រើសរើស​ជា​ឈុត​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត​នៅ World Cup 2022 ដែល​ទើបតែ​បានបញ្ចប់​នៅ កាតា កាលពី​ថ្ងៃទី 18 ធ្នូ 2022។

កាលពី​ថ្ងៃទី 23 ធ្នូ FIFA បានប្រកាសថា Richarlison របស់ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល គឺជា​អ្នកទទួលបាន​«ពានរង្វាន់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត» នៅ World Cup 2022។ ឈុត​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល នៅក្នុង​ជុំ​ដំបូង​ក្នុង​ពូ​ល G ដែល ស៊ែ​ប៊ី បាន​ចាញ់ 2-0 កាលពី​ថ្ងៃទី 24 វិច្ឆិកា 2022 ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ច្រើនជាងគេបង្អស់​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​លើ​គេហទំព័រ​របស់ FIFA។

Richarlison ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើប្រាស់​បច្ចេកទេស​ល្អ​បំផុត​នៅពេល​ទទួល​គ្រាប់​បាល់​ពី​ស្លាប​ខាងឆ្វេង​របស់ Vinicius នៅ​នាទី​ទី 73។ បន្ទាប់ពី​ការទទួល​បាល់ ខ្សែប្រយុទ្ធ​របស់​ក្លឹប Tottenham នេះ ក៏បាន​លោត​ឡើង ផ្ដេកខ្លួន​ទាត់​បាល់​នៅ​កណ្ដាល​កីឡាករ 3 នាក់​របស់ ស៊ែ​ប៊ី។ Richarlison ក៏​ជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ឈ្នះ​ដំបូង​នៅ​នាទី​ទី 62 ផងដែរ។

យោងតាម​សារព័ត៌មាន Sun ឈុត​ទាត់​បាល់​បញ្ចូល​ទី​ដ៏​ស្អាត​របស់ Richarlison ក៏​អាចនឹងទទួល​បាន​ពានរង្វាន់ Puskas សម្រាប់​ឆ្នាំ 2022។ FIFA នឹង​ប្រកាស​លទ្ធផល​នៅក្នុង​ពិធី​ប្រគល់​ពាន់រង្វាន់​នានា​នៅ​ដើមឆ្នាំ 2023។

Richarlison ធ្លាប់​លេង 5 រដូវ​កាល​នៅ English Premier League, ស៊ុត​បញ្ចូល​ទី​បាន 53 គ្រាប់​នៅក្នុង 152 ប្រកួត​សម្រាប់ Watford និង Everton។ ចាប់ពី​ដើមរដូវ​កាល 2022-2023 ខ្សែប្រយុទ្ធ​វ័យ 25 ឆ្នាំ​រូបនេះ ទើបតែ​រកបាន 2 គ្រាប់​ក្នុង 15 ប្រកួត សម្រាប់ Tottenham៕

Advertisement