បងស្រី​របស់ Ronaldo ថា «World Cup 2022 អន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»

Katia Aveiro (ស្ដាំ) ជាបងស្រីរបស់ Ronaldo

ខណៈដែល Cristiano Ronaldo មិនទាន់​បញ្ចេញ​សំឡេង បងស្រី​កំពូល​តារាបាល់ទាត់​ព័រទុយហ្កាល់​រូបនេះ​ក៏បាន​អបអរសាទរ​ជ័យជម្នះ​របស់ ក្រុម​អា​ហ្ស​ង់​ទីន ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022 បើទោះជា​យល់ថា រដូវ​បាល់ទាត់​ពិភពលោក​លើក​នេះ «អន់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ»។

«World Cup 2022 អន់​ជាទីបំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ ការប្រកួត​វគ្គ​ផ្ដាច់​ព័​ត្រ​រវាង បារាំង និង អា​ហ្ស​ង់​ទីន ពិតជា​អស្ចារ្យ» Katia Aveiro បងស្រី​របស់ Ronaldo សរសេរ​លើ Instagram ដូច្នេះ។ «អបអរសាទរ​ចំពោះ អា​ហ្ស​ង់​ទីន ដែល​ដណ្ដើមបាន​ជ័យជម្នះ»។

ព័រទុយហ្កាល់ ត្រូវបាន​ជម្រុះ​ពី World Cup 2022 ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នេះ​គឺ​ជាស​មិ​ត្ថិ​ផល​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់តាំងពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ 2006។ Ronaldo ក៏បាន​បង្កើត​​កំណត់ត្រា​ក្នុងការ​ស៊ុត​បញ្ចូល​ទី​នៅ World Cup ចំនួន 5 រដូវ​កាល​ជា​បន្តបន្ទាប់។

Ronaldo មិនបាន​អបអរសាទរ​ដល់ Messi ដែល​ដណ្ដើម​បាន​តំណែង​ជើង​ឯក World Cup 2022 គឺជា​រឿង​ធម្មតា

Katia កើត​ឆ្នាំ 1977 គឺជា​តារាចម្រៀង​ប៉ប់​តាំងពី​ឆ្នាំ 2005។ ក្រៅពី Katia កីឡាករ Ronaldo នៅមាន​បងប្រុស​ម្នាក់​ឈ្មោះ Hugo និង​បងស្រី​ម្នាក់ទៀត ឈ្មោះ Elma។

ដូច​ទៅនឹង​កីឡាករ​នានា​របស់ ព័រទុយហ្កាល់ Ronaldo មិនបាន​អបអរសាទរ​ដល់ Messi ក៏ដូចជា អា​ហ្ស​ង់​ទីន នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ ទាក់ទង​នឹង​តំណែង​ជើងឯក World Cup 2022។ ប្រការនេះ​មិនមាន​អ្វី​ចម្លែក​ឡើយ នៅពេល Ronaldo មិនបាន​អបអរ​ចំពោះ Messi ក្រោយ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Copa America 2021 ហើយ Messi ក៏​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅពេល Ronaldo ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Euro 2016៕

Advertisement