(World Cup 2022)- មេដឹកនាំ​បណ្ដា​ប្រទេស ចូលរួម​អបអរសាទរ ចំពោះ អា​ហ្ស​ង់​ទីន

មេដឹកនាំ​ប្រទេស​មួយចំនួន​បាន​ចូលរួម​អបអរសាទរភ្លាមៗចំពោះ អា​ហ្ស​ង់​ទីន ដែល​ដណ្ដើមបាន​ជ័យជម្នះ​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup នៅ កាតា និង​លើក​ពាន​ជើងឯក បន្ទាប់ពី​បាន​យកឈ្នះ បារាំង។

«ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ទើបតែ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយនឹង ប្រធានាធិបតី​អា​ហ្ស​ង់​ទីន Alberto Fernandez និង​អបអរសាទរ​ដល់​លោក នៅពេល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក FIFA World Cup» អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 18 ធ្នូ ក្នុង​ប្រកាស​ស្ដីពី​ការហៅ​ទូរស័ព្ទ​ទៅ​អបអរ​របស់ ប្រធានាធិបតី​រុស្ស៊ី ចំពោះ​សម​ភាគី​អា​ហ្ស​ង់​ទីន។

នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក៏បាន tag ប្រធានាធិបតី​អា​ហ្ស​ង់​ទីន Fernandez ទៅក្នុង​សារ​អបអរសាទរ​នៅលើ Twitter ផងដែរ។ «…អបអរសាទរ អា​ហ្ស​ង់​ទីន ដែល​បាន​ក្លាយជា​ជើងឯក! …ពលរដ្ឋ​ឥណ្ឌា រាប់លាន​នាក់​ដែលជា​អ្នកគាំទ្រ អា​ហ្ស​ង់​ទីន និង Messi សុទ្ធតែ​សប្បាយរីករាយ​ជាមួយនឹង​ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ» លោក Modi សរសេរ​ដូច្នេះ។

ប្រធានាធិបតី​តួ​ក​គឺ Recep Tayyip Erdogan ក៏​សម្ដែង​ការអបអរសាទរ​ដល់​ប្រជាជន និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន។ លោក​បាន​ហៅ​ការប្រកួត​រវាង អា​ហ្ស​ង់​ទីន និង បារាំង ថា​ជា «ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មួយ​ដែល​តានតឹង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក Erdogan បាន​ទៅ​ទស្សនាការ​ប្រកួត​នេះ​ដោយផ្ទាល់ តាម​ការអញ្ជើញ​របស់ មហាក្សត្រ​កាតា។ លោក Erdogan អង្គុយ​ទស្សនា​ការប្រកួត​ជាមួយនឹង​ក្សត្រា al-Thani, ប្រធានាធិបតី​បារាំង Macron និង​ប្រធាន FIFA Gianni Infantino។

ប្រ​ធានា​ធិ​ប​តិ​ទើប​ជាប់ឆ្នោត​របស់ ប្រេ​ស៊ី​ល Luiz Inacio Lula da Silva ក៏បាន​ចូលរួម​អបអរសាទរ​ជ័យជម្នះ​របស់ អា​ហ្ស​ង់​ទីន។ ចំណែក ប្រធានាធិបតី​បារាំង វិញ ថ្វីបើ​ស្រពោន​ចិត្ត​ព្រោះតែ បារាំង ចាញ់ ប៉ុន្តែ​ក៏បាន​អបអរសាទរ​ចំពោះ អា​ហ្ស​ង់​ទីន ផងដែរ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​លើក​ពាន​ជើងឯក World Cup 2022 ដោយបាន​យកឈ្នះ​លើ បារាំង 4-2 ក្នុងការ​ប្រកួត​ទាត់​ប៉េ​ណាំង​ទី បន្ទាប់ពី​មាន​លទ្ធផល 3-3 ក្នុង 2 តង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ (18 ធ្នូ 2022)។ នេះ​គឺជា​ពាន​ជើងឯក​ទី​បី​ដែល អា​ហ្ស​ង់​ទីន ដណ្ដើមបាន បន្ទាប់ពី​បានក្លាយ​ជា​ជើងឯក World Cup 1978 និង 1986៕

Advertisement