(World Cup 2022) – នេះ​ជា​ក្រុម​ដែល​ត្រូវបាន​ព្យាករ​ថា អាច​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​អត្រា​ខ្ពស់បំផុត

ស្ថិតិ​របស់ Five Thirty Eight បានបង្ហាញ​អំពី​អត្រា​នៃ​ឱកាស​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​របស់ 4 ក្រុម​ដែលមាន​វត្តមាន​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។

ការវិភាគ​ដែល​យោងទៅតាម «ស​ន្ទ​ស្សន៍​កម្លាំង​បាល់ទាត់» (SPI) របស់ Five Thirty Eight បាន​បង្ហាញថា អា​ហ្ស​ង់​ទីន គឺជា​ក្រុម​នាំមុខគេ​ស្ដីពី​សមត្ថភាព​នៃ​ការ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022 ក្នុង​អត្រា 37%។

SPI គឺជា​ពាក្យ​តំណាង​ការ​គណនា​តាមរយៈ​ការដាក់​ពិន្ទុ​លើ​សមត្ថភាព​វាយលុក និង​ការពារ​របស់​បណ្ដា​ក្រុមបាល់ទាត់​ជម្រើសជាតិ។ ចំណែក Five Thirty Eight គឺជា គេហទំព័រ​របស់ អាម៉េរិក ដែល​ផ្ដោតលើ​ការសិក្សា​ស្រាវជ្រាវ ការស្ទង់មតិ ការ​ស្រង់​ស្ថិតិ​ក្នុង​វិស័យ​នយោបាយ កីឡា និង​សេដ្ឋកិច្ច។

កន្លងមក មុនពេល​គ្រាប់​បាល់ World Cup 2022 ចាប់ផ្ដើម​រមៀល ក្រុម​អា​ហ្ស​ង់​ទីន ឈរ​ត្រឹម​លំដាប់​ទី 4 ប៉ុណ្ណោះ ក្នុងចំណោម​បេក្ខភាព​សម្រាប់​តំណែង​ជើងឯក ដោយមាន​អត្រា 8%។ ដំណាក់​កាលនោះ Five Thirty Eight វាយតម្លៃថា ប្រេ​ស៊ី​ល គឺជា​ក្រុម​ដែល​មានឱកាស​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​ខ្ពស់បំផុត ក្នុង អត្រា 22%។ បន្ទាប់ពី ប្រេ​ស៊ី​ល គឺ​ក្រុម​របស់ អេ​ស្ប៉ា​ញ (11%) និង បារាំង (9%)។

ក៏ប៉ុន្តែ នៅពេល​វគ្គ 1/8 បានបញ្ចប់ ក្នុង top 4 នៃ​បេក្ខភាព​ជើងឯក​ដែល​ត្រូវបាន​ព្យាករ​ថា មានឱកាស​ច្រើនជាងគេ នៅសល់តែ អា​ហ្ស​ង់​ទីន និង បារាំង។ មុន​នោះ នៅពេល ប្រេ​ស៊ី​ល ត្រូវបាន​ជម្រុះ​ពី​វគ្គ 1/8 ដោយសារតែ​ចាញ់ ក្រូ​អាត ក្នុងការ​ប្រកួត​ទាត់​ប៉េ​ណាំង​ទី អេ​ស្ប៉ា​ញ ឯណោះ​វិញ​ក៏បាន​ចាញ់ ម៉ា​រ៉ុ​ក ហើយក៏​ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ។

សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​ដែល​ឈរ​លំដាប់​បន្ទាប់ពី អា​ហ្ស​ង់​ទីន ស្ដីពី​ដែល​ដែល​ឱកាស​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក World Cup 2022 គឺ​ក្រុម​របស់ បារាំង ដោយមាន​អត្រា 35%។ បន្ទាប់ពី បារាំង គឺ​ក្រុម​របស់ ក្រូ​អាត ដោយមាន 16% និង​ឈរ​ក្រោយ​គេ​គឺ ម៉ា​រ៉ុ​ក ដោយមាន 13%។

នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អា​ហ្ស​ង់​ទីន នឹង​ប៉ះ ក្រូ​អាត នៅ​ម៉ោង 2 ថ្ងៃទី 14 ធ្នូ។ មួយថ្ងៃ​ក្រោយមក នឹងមាន​ការប្រកួតរ​វាង បារាំង និង ម៉ា​រ៉ុ​ក៕

Advertisement