«មិន​ស្រលាញ់ Messi គឺ​ស្មើនឹង មិន​ស្រលាញ់​បាល់ទាត់» – កីឡាករ​ដែល​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup 1986 អះអាង​ដូច្នេះ

Lionel Messi

អតីត​ខ្សែប្រយុទ្ធ​របស់ អា​ហ្ស​ង់​ទីន Jorge Valdano បាន​អះអាងថា Lionel Messi កំពុង​ទាត់​នៅ World Cup 2022 ក្នុង​លំដាប់​មួយ​ដែល​ដូច​ទៅនឹង​អតីត​កំពូល​តារាបាល់ទាត់ Diego Maradona។

«Messi កំពុង​បង្ហាញ​បាន​នូវ​ភាព​អស្ចារ្យ​នៃ​បាល់ទាត់» Valdano ប្រាប់​ទំព័រ TyC Sport កាលពី​ថ្ងៃទី 11 ធ្នូ​ដូច្នេះ និង​បន្តថា «គាត់ (Messi) កំពុងត​ភ្ជាប់​បាន​ទាំងស្រុង និង​បង្ហាញ​បុគ្គលិកលក្ខណៈ​ដូច​ទៅនឹង Maradona នៅ World Cup។ ខ្ញុំ​ស្រលាញ់​ចូលចិត្ត Messi តាំងតែ​ពី​បានឃើញ​គាត់​លេង​បាល់​ដំបូង។ គាត់​គឺជា​មនុស្សទេព​ក្នុង​រយៈពេល 20 ឆ្នាំ​មកហើយ។ អ្នកណា​មិន​ស្រលាញ់​ចូលចិត្ត Messi បញ្ជាក់ថា អ្នកនោះ​មិន​ចូលចិត្ត​បាល់ទាត់»។

Messi រក​បាល់​បាន 6 គ្រាប់​នៅ World Cup 2022 តិចជាង Kylian Mbappe តែ 1 គ្រាប់​ប៉ុណ្ណោះ។ ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន​រូបនេះ សុទ្ធតែ​រកបាន​គ្រាប់​បាល់​ក្នុង 2 ប្រកួត​នៅ​វគ្គ​ជម្រុះ​ផ្ទាល់។

លោក Jorge Valdano

Valdano គឺជា​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែល​បាន​ស៊ុត​បញ្ចូល​ទី​របស់ អាល្លឺម៉ង់​ខាងលិច ក្នុង​វគ្គ​ផ្ដាច់​ព័​ត្រ​នៅ World Cup 1986 ជួយ​ឱ្យ​ក្រុម​របស់ អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពាន​ជើងឯក​នៅ ម៉ិ​ក​ស៊ិ​ក។ លោក Valdano ធ្លាប់​លេង​ឱ្យ Real Madrid នៅ​ដំណាក់​ចុងក្រោយ​នៃ​អាជីព​របស់គាត់ ពី​ឆ្នាំ 1984 ដល់ 1987 និង​បាន​ដឹកនាំ​ក្លឹប​នេះ​ពី​ឆ្នាំ 1994 ដល់ 1996។

អតីត​កំពូល​តារាបាល់ទាត់ Diego Maradona

ចំណែក Maradona វិញ មិន​ត្រឹមតែ​លេង​បានល្អ​ជាងគេ​នៅ World Cup 1986 នោះទេ តែ​ក៏​ត្រូវបាន FIFA ជ្រើសរើស​ជា «កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​សតវត្សរ៍​ទី 20» ផងដែរ។ លោក Maradona បានទទួល​មរណភាព​កាលពី​ថ្ងៃទី 25 វិច្ឆិកា 2020 ក្នុង​វ័យ 60 ឆ្នាំ។ លោក Valdano យល់ថា «ស្មារតី​របស់ Maradona កំពុង​ត្រូវ​បានបង្ហាញ​នៅក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នាបច្ចុប្បន្ន»៕

Advertisement