(World Cup 2022)- អាល្លឺម៉ង់ ៖ ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) គឺជា​មូលហេតុ​មួយ​នាំឱ្យ​ពួកគេ​បរាជ័យ

គូស្នេហ៍របស់កីឡាករ ត្រូវបានចាត់ទុកថាជា មូលហេតុមួយនាំឱ្យ អាល្លឺម៉ង់ ត្រូវបរាជ័យនៅ World Cup 2022

ទំព័រ Bild របស់ អាល្លឺម៉ង់ ចុះផ្សាយ​ថា នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការបរាជ័យ​របស់ ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ World Cup 2022 ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) របស់ ក្រុម​ជម្រើសជាតិ ត្រូវបាន​មេដឹកនាំ​មួយចំនួន​នៅ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ «ហៅ​ឈ្មោះ»។

ក្រោយ​រដូវ​កាល World Cup 2018 ដែល​មិនបាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក៏បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​សម្រាប់​រដូវ​កាល​នៅ កាតា។ ប៉ុន្តែ ពួកគេ​នៅតែ​លេង​មិន​បានល្អ​ដដែល ហើយក៏​មិនអាច​ឡើងដល់​វគ្គ 1/8 ជា​លើក​ទី​ពីរ​នៅ World Cup ពីរ​រដូវ​កាល​ចុងក្រោយ​នេះ។

ក្រោយ​បរាជ័យ​នៅ កាតា ក្រុម​អាល្លឺម៉ង់ ក៏​ត្រលប់​ទៅ​ស្រុក​វិញ។ ថ្មីៗនេះ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ (DFB) បានធ្វើ​សន្និសីទ 2 ម៉ោង​ដើម្បី​វិភាគ រក​មូលហេតុ​នៃ​ការបរាជ័យ​របស់ ក្រុម​ជម្រើសជាតិ នៅ World Cup 2022។

មាន​មូលហេតុ​ជាច្រើន​ត្រូវបាន​លើកឡើង ក្នុងនោះ​ក៏មាន​ការពិត​ដែលថា គ្រូបង្វឹក Hansi Flick បានអនុញ្ញាត​ឱ្យ​ប្រពន្ធ និង​មិត្តស្រី​របស់​កីឡាករ ស្នាក់​នៅក្នុង​សណ្ឋាគារ​របស់​ក្រុម។ ប្រធាន​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ Bernd Neuendorf និង​អនុប្រធាន Joachim Watzke យល់ថា វត្តមាន​របស់ Wags បានធ្វើឱ្យ​កីឡាករ​អាល្លឺម៉ង់ ត្រូវ​បែក​អារម្មណ៍។ ក្រុម​មេដឹកនាំ​របស់ DFB មិន​ពេញចិត្ត​នៅពេល​ឃើញ​កីឡាករ​ត្រូវ​ថែទាំ​កូន។

យោងតាម Bild គ្រូបង្វឹក Flick នឹង​នៅតែ​បន្តការងារ​ជាធម្មតា។ លោក Flick នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ អាល្លឺម៉ង់ ទៅ​ប្រកួត​នៅ Euro 2024៕

Advertisement