Messi ក្ដៅក្រហាយ​ចិត្ត​ព្រោះតែ​ទាត់​បាល់​ពិន័យ​ប៉េណាំងទី​មិនបាន​ជោគជ័យ

Lionel Messi មិន​ពេញចិត្ត​ជាមួយនឹង​ខ្លួនឯង​នៅពេល​បរាជ័យ​ក្នុងការ​ទាត់​បាល់​ពិន័យ​ប៉េ​ណាំង​ទី ក្នុងការ​ប្រកួត​ដែល អា​ហ្ស​ង់​ទីន ឈ្នះ ប៉ូឡូញ 2-0 នៅ​ពូ​ល C របស់ World Cup 2022 កាលពី​ថ្ងៃទី 30 វិច្ឆិកា។

«ខ្ញុំ​ក្ដៅចិត្ត​ណាស់​ព្រោះតែ​ទាត់​ឱ្យ​ខូច​បាល់​ប៉េ​ណាំង​ទី» Messi ថ្លែង​ដូច្នេះ​នៅក្នុង​ការសម្ភាស​ក្រោយ​ការប្រកួត។ «ប៉ុន្តែ ក្រុម​ទាំងមូល​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​បន្ទាប់ពី​កំហុស​របស់ខ្ញុំ។ ពួកយើង​ដឹងថា នៅពេល​រកបាន​គ្រាប់​បាល់​ដំបូង ការប្រកួត​នឹង​ផ្លាស់ប្ដូរ ហើយ ប៉ូឡូញ នឹងត្រូវ​លេង​បើកចំហ​ជាង»។

Messi គឺជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ World Cup ដែល​ត្រូវបាន​អ្នកចាំទី​រារាំង​បានសម្រេច​រហូតដល់​ទៅ 2 ដង នៅក្នុង​ការទា​ត់បាល់​ពិន័យ។ ម្ចាស់​គ្រាប់​បាល់​មាស​ចំនួន 7 នេះ បាន​បំបែក​ឯកទគ្គកម្ម​ដ៏​ក្រៀមក្រំ​នេះ​នៅ​នាទី​ទី 37 ក្នុងការ​ប្រកួត​ជាមួយ ប៉ូឡូញ។ នេះ​គឺជា​ការ​ទាត់​ខូច​បាល់​ពិន័យ​ប៉េ​ណាំង​ទី​ទី​ពីរ​ក្នុងចំណោម​បាល់​ពិន័យ​ចំនួន 3 ដែល Messi បាន​ទាត់​នៅ​រដូវ​កាល​នានា​របស់ World Cup។

ការប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល C កាលពី​ថ្ងៃទី 30 វិច្ឆិកា គឺជា​ការប្រកួត​ទី 22 របស់ Messi នៅ World Cup ហើយ​នេះ​នាំឱ្យ​គាត់​ក្លាយជា​កីឡាករ​ដែល​បាន​ចូលរួម​ច្រើន​ប្រកួត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup។

ថ្វីបើ Messi ទាត់​បាល់​ពិន័យ​ប៉េ​ណាំង​ទី​មិនបាន​សម្រេច ប៉ុន្តែ បាល់ 2 គ្រាប់​ដែល​រកបាន​ដោយ Alexis MacAllister និង Julian Alvarez បាន​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ប៉ូឡូញ 2-0 កាលពី​យប់​ម្សិលមិញ ដូច្នេះ ក្រុម​នេះ​ក៏បាន​ឡើងទៅ​កាន់​វគ្គ 1/8 ក្នុងនាម​ជា​ក្រុម​គ្រប់គ្រង​ពូ​ល C។

https://www.youtube.com/watch?v=_u4iHItlxM0

នៅ​ជុំ​ជម្រុះ​ដំបូង​នៃ​វគ្គ 1/8 អា​ហ្ស​ង់​ទីន នឹងត្រូវ​ជួប អូស្ត្រាលី ដែលជា​ក្រុម​ឈរ​ចំណាត់ថ្នាក់​ទី 2 នៅក្នុង​ពូ​ល D។ Messi យល់ថា នេះ​នឹង​ជាការ​ប្រកួត​លំបាក​សម្រាប់​គាត់ និង​ក្រុម​របស់គាត់។

បើសិនជា​ឈ្នះ អូស្ត្រាលី នៅ​វគ្គ 1/8 អា​ហ្ស​ង់​ទីន នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម ហូ​ឡង់ ឬ សហរដ្ឋ​អាម៉េរិក នៅ​វគ្គ 8 ក្រុម។ អាម៉េរិក មិនទាន់​ត្រូវបាន​ចាត់ទុកថា​ជា​គូប្រជែង​ស្មើមុខស្មើមាត់​ជាមួយនឹង អា​ហ្ស​ង់​ទីន ខណៈដែល ហូ​ឡង់ បានបង្ហាញ​របៀប​លេង​ដែល​មិន​គួរឱ្យ​ចាប់អារម្មណ៍​នៅ World Cup 2022៕

Advertisement