លោក Mourinho រីករាយ​ក្នុងការ​ដឹកនាំ Man United ទៅកាន់​ទឹកដី Anfield ល្ងាច​នេះ

លោក Jose Mourinho បានចាត់ទុក​កីឡដ្ឋាន Anfield របស់​ក្លិប Liverpool ជា​កន្លែង​ដ៏​ស្រស់ស្អាត​មួយ និង​បាន​បញ្ជាក់ថា តារាឆ្នើមៗនៃ​ក្រុម Manchester United របស់លោក នឹង​រីករាយ​ក្នុង​ការលេង​ក្រោម​បរិយាកាស​ដ៏​តានតឹង​បែបនេះ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។

លោក Gary Neville និង Mikael Silvestre ដែល​សុទ្ធសឹង​ជា​អតីត​កីឡាករ​របស់​ក្លិប Man United បាន​និយាយ​នៅ​សប្តាហ៍​នេះ​ទាក់ទង​នឹង​ការ​ប្រជែង​យ៉ាង​ពិសេស​តាមរយៈ​ការធ្វើដំណើរ​របស់ Man United ទៅកាន់​ទឹកដី Anfield ហើយ​ភាពស្វិតស្វាញ​នឹង​កើតឡើង​ក្នុងការ​ប្រកួត​នេះ។ ប៉ុន្តែ លោក Mourinho គ្រូបង្វឹក​របស់​ក្រុម Man United បាន​បញ្ជាក់ថា បើទោះបី​មាន​ប្រវត្តិ​យ៉ាង​ជូរចត់​នៃ​ការជួប​ប្រកួត​គ្នា​រវាង​ក្រុម​ទាំងពីរ​ក៏ដោយ ប៉ុន្តែ កីឡាករ​របស់លោក​គួរតែ​ពេញចិត្ត​ទៅនឹង​ឱកាស​ក្នុង​ការលេង​ពីមុខ​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​នៃ​កីឡដ្ឋាន Anfield។

លោក Mourinho បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា៖ «អ្នកដឹង​ទេ នេះ​វា​ហាក់ដូចជា​រឿង​កំប្លែង​បន្តិច​សម្រាប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​គិតថា នៅពេលដែល​មនុស្ស​ជាច្រើន​និយាយ​អំពី​បរិយាកាសធំៗជាច្រើន វា​ហាក់ដូចជា​យើង​មិន​ចូលចិត្ត វា​ហាក់ដូចជា​វា​មាន​បញ្ហា​មួយ​សម្រាប់​យើង ក្នុងការ​ទៅកាន់​កន្លែង​ដ៏​ជាក់លាក់​មួយ និង​ត្រូវ​ជួប​បរិយាកាស​ដ៏​ធំ​មួយ។ នេះ​គឺជា​អ្វីដែល​យើង​ត្រូវបាន»។ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់​ដែល​អ្នក​និយាយ​ពី​ការប្រកួត​នេះ​តាមរបៀប​អវិជ្ជមាន។ ខ្ញុំ​កាន់តែ​ភ្ញាក់ផ្អើល​ទៅទៀត​នៅពេលដែល​ខ្ញុំ​បានឮ​អតីត​កីឡាករ និង​តារាឆ្នើមៗ និយាយ​ពី​បរិយាកាសផ្សេងៗដែល​ដូច​ទៅនឹង​រឿង​ដែល​គួរ​ឲ្យ​ខ្លាច វា​ដូច​ទៅនឹង​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ទៅវិញ»។

ទាក់ទង​នឹង​ការប្រកួត​នៅ​ល្ងាច​នេះ លោក Mourinho បាន​បន្ថែមទៀតថា៖ «វា​លើកទឹកចិត្ត​ដល់​យើង ព្រោះ​វា​ជា​អ្វីមួយ​ដែល​យើង​ចង់បាន។ វា​ជាការ​ប្រកួត​មួយ​ដែល​យើង​ចង់បាន​រាល់​ការប្រកួត​ទាំងអស់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង៦:៣០ល្ងាច៕

ប្រភពព័ត៌មាន៖ Sky Sports

Advertisement