(World Cup 2022)-អា​រ៉ា​ប៊ី​សា​អូឌីត អនុញ្ញាតឱ្យ​ពលរដ្ឋ​ឈប់សម្រាក​មួយថ្ងៃ ក្រោយ​ក្រុម​ជម្រើសជាតិ​ឈ្នះ អា​ហ្ស​ង់​ទីន

មហាក្សត្រ Salman ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​របស់ អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត ឈប់សម្រាក​ពី​ការងារ​នៅ​ថ្ងៃទី 23 វិច្ឆិកា ដើម្បី​អបអរ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​នេះ ដែល​បាន​យកឈ្នះ​លើ​ក្រុម​របស់ អា​ហ្ស​ង់​ទីន នៅ World Cup 2022។

«ថ្ងៃស្អែក 23 វិច្ឆិកា នឹង​ជា​ថ្ងៃ​សម្រាក​របស់​បុគ្គលិក​ទាំ​ង​អស់​នៅក្នុង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន ក៏ដូចជា​សិស្សសាលា​គ្រប់​កម្រិត» ប្រកាស​របស់​មហាក្សត្រ Salman របស់ អា​រ៉ា​ប៊ី​សា​អូឌីត លើកឡើង​ដូច្នេះ។

ការសម្រេច​ឱ្យមាន​ការឈប់​សម្រាក​ពី​ការងារ​មួយថ្ងៃ​ដែល​ត្រូវបាន​មហាក្សត្រ Salman អនុម័ត​នេះ ត្រូវបាន​ធ្វើឡើង​ទៅតាម​សំណើ​របស់​រាជទាយាទ Mohammed bin Salman ដើម្បី​អបអរ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​យកឈ្នះ​លើ​ក្រុម​របស់ អា​ហ្ស​ង់​ទីន ក្នុងការ​ប្រកួត​នៅ World Cup 2022 ។

ជ័យជម្នះ 2-1 របស់ អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ចំពោះមុខ អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃទី 22 វិច្ឆិកា ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​គួរ​​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup។ ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​បាន​យកឈ្នះ​លើ​បេក្ខភាព​លំដាប់​កំពូល​មួយ​សម្រាប់​តំណែង​ជើងឯក​របស់​រដូវ​កាល​នេះ។

Lionel Messi រកបាន​មួយ​គ្រាប់​ឱ្យ អា​ហ្ស​ង់​ទីន នៅក្នុង​ការទា​ត់បាល់​ពិន័យ​នៅ​នាទី​ទី 10 ប៉ុន្តែ ការ​ស៊ុត​បញ្ចូល​ទី 2 គ្រាប់​របស់ អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​តង់​ទី​ពីរ បានធ្វើឱ្យ​ក្រុម​របស់ ​អាម៉េរិក​ខាងត្បូង ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់៕

Advertisement