Man City និង Real ប្រជែងគ្នាទិញ Mbappe ពី Monaco ក្នុងតម្លៃខ្លួន១១០លានផោន

ក្លិប Manchester City កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រជែង​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏ឆ្នើម Kylian Mbappe ពី​ក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​១១០​លាន​ផោន (ស្មើ​នឹង​១៤២​លាន​ដុល្លារ​អាមេរិក)​​។ Man City និង​ Real Madrid គឺ​ជា​ក្លិប​ដែល​បាន​​​បង្ហាញពី​ការ​ចាប់​អារម្មណ៍​ជា​ផ្លូវ​ការ​ទៅលើ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ​។

តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​ក្មេង​រូបនេះ​នឹង​ត្រូវ​បំ​បែក​កំណត់​ត្រា​នៃ​តម្លៃ​ខ្លួន​៨៩​លាន​ផោន ដែលក្លិប Manchester United បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Juventus ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Paul Pogba កាល​ពី​រដូវ​ក្តៅមុន​។ ក្លិប Man United និង Paris Saint-Germain ក៏​កំពុង​តែ​ចាប់​អារម្មណ៍​ទៅ​លើ​​ការ​ផ្ទេរ​នេះ​ផងដែរ​។ ទាំង Man City និង Real បាន​ចាប់​ផ្តើម​ធ្វើ​​ការ​ប្រជែង​គ្នា​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​​ក្មេង​ដ៏​មាន​ទេព​កោ​សល្យ​រូប​នេះ​ ខណៈ​ដែល​ការ​ប្រជែង​នឹង​កាន់​តែ​ក្តៅ​គគុក​ក្នុង​ពេល​បិទ​រដូវ​កាល​។

Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​លើក​​ពេល​ជួប​ជា​មួយ​នឹង​ក្រុម Man City ខណៈ​ដែលក្រុម Monaco បាន​ទម្លាក់ក្រុមរ​បស់​លោក Pep Guardiola ឲ្យ​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ បំណង​របស់ Mbappe គឺ​ការ​ចូល​រួម​ជា​មួយ​នឹងក្លិប Real Madrid ហើយ​បើ​ទោះ​បី Man City ស្ទាក់​ស្ទើរ​ក្នុង​ការ​ចំណាយ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​​ទៅ​លើ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ ក៏​ដោយ ប៉ុន្តែ ពួក​គេ​ហាក់​មាន​ឱកាស​តែ​មួយ​ក្នុង​ការ​នាំ​យក​រូប​គេ លុះ​ត្រា​តែ​ Real បោះ​បង់​ការ​ប្រជែង​​ទិញ​៕

ប្រភព​ព័ត៌​មាន៖ The Sun

Advertisement