លោក Guardiola ព្រមាន Man City កុំ​ឲ្យ​មើលស្រាល​ក្រុម Shakhtar នៅ​រាត្រី​នេះ

កាលពី​ថ្ងៃ​ចន្ទ លោក Pep Guardiola បានធ្វើការ​ព្រមាន​ដល់​ក្រុម​ឡើង​ទម្រង់​លេង Manchester City របស់លោក​ថា ពួកគេ​មិនត្រូវ​មើលស្រាល​គូប្រកួត​ឡើយ មិន​អ៊ីចឹង​ទេ អាច​ប្រឈមមុខ​នឹង​ការខកចិត្ត​ម្តងទៀត​នៅ​រដូវ​កាល​នេះ។

Man City កំពុងតែ​នាំមុខ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ5លើក និង​ស្មើ1លើក ពី​ការប្រកួត​បើកឆាក​ទាំង6លើក​របស់​ពួកគេ ស្រប​ពេលដែល​ពួកគេ​ក៏​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 4-០ លើ​ក្រុម Feyenoord ក្នុង​ក្របខ័ណ្ឌ Champions League និង​ផ្តួល​ក្រុម West Brom 2-1 ក្នុងការ​ប្រកួត​ពាន League Cup ផងដែរ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Guardiola ដែល​ក្រុម​របស់លោក​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Shakhtar Donetsk នា​កីឡដ្ឋាន Etihad ក្នុង​នា​ត្រី​នេះ ក៏​កំពុងតែ​ព្រួយបារម្ភ​ខ្លាំង​ដែរ ក្រោយពី​បានឃើញ​ក្រុម Man City បញ្ចប់​ដោយ​ការមិន​បានឈ្នះ​ពាន​អ្វី​សោះ​កាលពី​រដូវ​កាល​មុន បើទោះបី​ដណ្តើមបាន​ជ័យជម្នះ10លើកជាប់ៗគ្នា​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​ក៏ដោយ។

Man City បាន​ជួប​រដូវ​កាល​ដ៏​ខកចិត្ត​មួយ​ដូចគ្នានេះ​រួចស្រេច​ហើយ​ក្នុង​រដូវ​កាល​មួយ​មុននេះ ក្រោម​ការដឹកនាំ​របស់​លោក Manuel Pellegrini ក្រោយពី​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ5លើកដំបូង​នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ បានបញ្ចប់​យុទ្ធនាការ​នៅ​រដូវ​កាលនោះ​តាមរយៈ​ការ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4។

Man City កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​នាពេលថ្មីៗនេះ តាមរយៈ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​ដល់​ទៅ16គ្រាប់​ក្នុងការ​ប្រកួត​លី​ក3លើកចុងក្រោយ​របស់​ពួកគេ ខណៈដែល​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម Liverpool និង Crystal Palace ក្នុង​លទ្ធផល 5-០ ដូចគ្នា បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម Watford 6-០រួចមក។ ប៉ុន្តែ លោក Guardiola បាន​បញ្ជាក់ថា វា​ឆាប់​ពេក​ហើយ​ក្នុងការ​ជឿជាក់​លើ​ភាពខ្លាំង​នៃ​ក្រុម​របស់លោក​នោះ។

គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មុនពេល​ប្រកួត​ថា៖ «វា​ជា​រឿង​ដ៏​ល្អប្រសើរ​បំផុត​ក្នុងការ​ស្ថិតក្នុង​ទីតាំង​ដែល​យើង​កំពុងតែ​ស្ថិតនៅ​នេះ ប៉ុន្តែ​វា​ត្រឹមតែ​ខែកញ្ញា​ប៉ុណ្ណោះ។ នៅសល់​ពេលវេលា​ជាច្រើន និង​ការប្រកួត​ជាច្រើន​ទៀត​ដែល​យើង​ត្រូវ​លេង»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement