អង់គ្លេស សង្គ្រោះ​ការភិតភ័យ ខណៈ​អាល្លឺម៉ង់ បំបាក់ ន័​រ​វែ​ស ចាស់ដៃ

ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​សង្គ្រោះ​ការភិតភ័យ​មួយ ខណៈដែល​ពួកគេ​បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ1គ្រាប់ ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី ក្នុង​លទ្ធផល 2-1 នា​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​ចន្ទ និង​ដើម្បី​បោះជំហាន​ចូលទៅ​កាន់តែ​កៀក​ក្នុងការ​ឈ្នះ​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំក្រោយ ក្នុងប្រទេស​រុស្ស៊ី។

កីឡាករ Stanislav Lobotka បាន​ដណ្តើមយក​ប្រៀប​លើ​ការធ្វេសប្រហែស​របស់​ក្រុម​អង់គ្លេស​ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី មាន​គ្រាប់​បាល់​នាំ​មុខមុន1គ្រាប់​ក្រោយពី​លេង​បានត្រឹមតែ3នាទី មុននឹង​ក្រុម​អង់គ្លេស​របស់លោក Gareth Southgate បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​តបត​វិញ។

ក្រោយមក​ខ្សែការពារ Eric Dier រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ចុង​តង់​ទី1 ខណៈ​ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Rashford បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន ប៉ុន្តែ​បាន​រក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​អង់គ្លេស​នាំមុខ5ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ពូ​ល F ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ2លើក​ទៀត​ប៉ុណ្ណោះ។

ស្របពេល​ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Timo Werner បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ក្នុងពេល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លត់​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុង​ទីក្រុង Stuttgart ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​របស់លោក Joachim Loew បាន​កត់ត្រា​ជ័យជម្នះ8លើក​ពី​ការប្រកួត​ទាំង8លើក​ក្នុង​ការប្រកួត​ក្នុង​ពូ​ល C។

ប៉ុន្តែ ស្រប​ពេលដែល​ក្រុម​មាន​ចំណាត់ថ្នាក់​លេខ2 អៀរ​ឡង់​ខាង​ជើងបាន​ផ្តួល​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក ក្នុង​លទ្ធផល 2-០ ក្នុង​ទីក្រុង Belfast ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នឹង​ត្រូវតែ​រង់ចាំ​រហូតដល់​ការប្រកួត​បន្ទាប់ ពោលគឺ​ការប្រកួត​នៅលើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង នា​ថ្ងៃទី5 ខែតុលា​ខាងមុខ ដើម្បី​ការ​ឈ្នះ​កៅអី​ជា​ស្វ័យប្រវត្តិ​ទៅកាន់​ប្រទេស​រុស្ស៊ី។

លោក Loew គ្រូបង្វឹក​របស់​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា៖ «នោះ​គឺជា​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នៃ​កីឡាបាល់ទាត់​របស់​យើង»៕

ប្រភពពី៖ BBC

Advertisement