បែលហ្ស៊ិក ឈ្នះ​កៅអី​ទៅកាន់ World Cup ក្រោយ​ផ្តួល​ក្រុម​ក្រិ​ក

ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​បានឈ្នះ​កៅអី​របស់​ពួកគេ​សម្រាប់​យុទ្ធនាការ World Cup នៅ​ឆ្នាំក្រោយ ខណៈដែល​នៅសល់​ការប្រកួត​ជម្រុះ 2លើក​ទៀត ក្រោយពី​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រិ​ក ក្នុង​លទ្ធផល 2-1 កាលពី​ថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធ Romelu Lukaku បានតែ​តបាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី74 ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​នាំមុខ​រហូតដល់8ពិន្ទុ​ដាច់​លើ​ក្រុម​ជម្រើសជាតិ​បូ​ស្នី នៅលើ​កំពូល​តារាង​នៃ​ពូ​ល H។

ខ្សែបម្រើ Jan Vertonghen បា​នរក​គ្រាប់​បាល់​បើកឆាក​ឲ្យ​ក្រុម​បែលហ្ស៊ិក​របស់លោក Roberto Martinez នៅ​នាទី​ទី70 ប៉ុន្តែ​កីឡាករ Zeca បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ក្នុង​រយៈពេល1នាទី នៅមុន​ពេល Lukaku បា​នរក​គ្រាប់​បាល់​ឈ្នះ។

បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក កំពុងតែ​នាំមុខ8ពិន្ទុ​ដាច់​លើ​ក្រុម​ជម្រើសជាតិ​បូ​ស្នី និង9ពិន្ទុ​ពីលើ​ក្រុម​ជម្រើសជាតិ​ក្រិ​ក នៅលើ​កំពូល​តារាង​នៃ​ពូ​ល H ខណៈដែល​នៅសល់​ត្រឹមតែ​ការប្រកួត2លើក​ទៀត​ប៉ុណ្ណោះ។ ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក នឹងចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល អ៊ីរ៉ង់ ជប៉ុន ម៉ិ​ក​ស៊ិ​ក និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​ក្រោយនេះ។

ប៉ុន្តែ ក្រុម​ជើង​ខ្លាំង​បារាំង​បាន​ជួប​ភាពអាម៉ាស ដោយ​ការបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​លុច​សំបួ។ ក្រោយពី​បាន​បំបាក់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-០រួចមក ក្រុម​ជម្រើសជាតិ​បារាំង​បាន​ជួប​ការខកចិត្ត​វិញ ខណៈដែល​លទ្ធផល​ស្មើ ០-០ កាលពី​ថ្ងៃអាទិត្យ​បានធ្វើ​ឲ្យ​ពួកគេ​នាំមុខ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ត្រឹមតែ1ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភពពី៖ Eurosport

Advertisement