PGS បំពេញ​ការផ្ទេរ Mbappe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុននឹង​ទិញ​ដាច់​នៅ​រដូវ​កាល​ក្រោយ

ក្លិប​យក្ស​របស់​បារាំង Paris St-Germain បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Kylian Mbappe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាលពី​ក្លិប Monaco ជាមួយនឹង​ជម្រើស​ក្នុងការ​ទិញយក​ដាច់​ក្នុងតម្លៃ​ខ្លួន165.7លាន​ផោន (ស្មើនឹង214.5លាន​ដុល្លារ​អាមេរិក)។

ប្រសិនបើ PSG បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ​ជា​អចិន្ត្រៃយ៍​នោះ  កិច្ចសន្យា​របស់គេ​នឹង​ផុតកំណត់​រហូតដល់​ខែមិថុនា ឆ្នាំ2022។ ការផ្ទេរ​របស់ Mbappe វ័យ18ឆ្នាំ បាន​កើតឡើង​ក្រោយពី​ក្លិប PSG បាន​ចំណាយ​ប្រាក់​ចំនួន222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក) រួចជាស្រេច​ក្នុង​ការទិញចូល​ខ្សែប្រយុទ្ធ Neymar ពី​ក្លិប Barcelona។

Mbappe បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​ចង់​ក្លាយជា​សមាជិក​ម្នាក់​ក្នុង​គម្រោង​របស់​ក្លិប​នេះ ដែលជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​មាន​មហិច្ឆតា​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប»។ ការពន្យារពេល​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Mbappe ក្នុង​កិច្ចសន្យា​ជា​អចិន្ត្រៃយ៍​នេះ ត្រូវបាន​ចាត់ទុកថា គឺជា​ការសម្រេចចិត្តរ​បស់ PSG ពីព្រោះ​ពួកគេ​មិន​ចង់​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់​ប្រកួតប្រជែង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌​របស់ UEFA។

ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1របស់គេ​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង ក្នុងពេល​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ 4-០ លើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ប្រទេស​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ1963។

លោក Nasser Al-Khelaifi ដែលជា​ប្រធាន​ក្លិប​របស់ PSG បាន​ឲ្យ​ដឹងថា៖ «វា​ពិតជា​សំខាន់​ណាស់​សម្រាប់​កីឡាបាល់ទាត់​បារាំង ដែល​យើង​ត្រូវតែ​រក្សា និង​ជួយ​អភិវឌ្ឍ​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ម្នាក់នេះ​ក្នុង​ក្រុម​ជើងឯក​របស់​យើង។ ពិតណាស់ ក្នុងចំណោម​កីឡាករ​អាយុ​ប្រហាក់ប្រហែល​នឹង​រូបគេ គេ​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក ទាំង​ភាពរឹងមាំ បច្ចេកទេស និង​ស្មារតី​ប្រយុទ្ធ»៕

ប្រភពព័ត៌មាន៖ BBC

Advertisement