Lingard ជួយ​រកលុយ​ឱ្យ ManU បាន​យ៉ាងតិច​កន្លះ​លាន​ដុល្លារ ប្រសិនបើ West Ham ឡើង Top 4

Jesse Lingard ធ្វើ​បានល្អ​យ៉ាងខ្លាំង ក្រោយ​ផ្ទេរ​មក​ចូលរួម​នៅ West Ham United ដោយ​កាលពីពេល​កន្លងទៅ គេ​ទើបតែ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំខែ និង​ជា​អ្នក​រកបាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំខែ​ផងដែរ។

ក្រោយ​ផ្ទេរ​មក​ក្រុម​ញញួរ កីឡាករ​អង់គ្លេស​រូបនេះ រកបាន 9 គ្រាប់ និង Assist  4លើក នៅ​ការ​បង្ហាញខ្លួន 13ប្រកួត ពោលគឺ​សឹងតែ​រៀងរាល់​ការប្រកួត គេ​តែង​មានមុខ​ក្នុង​ចំណែក​ការរក​គ្រាប់​បាល់​បានជា​និច្ច។

លើសពី​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ Lingard ក៏​នឹង​ក្លាយជា​កីឡាករ ដែល​អាច​រកប្រាក់​ចូល​ក្លិប Man Utd ប្រមាណ 500,000ផោន ឬ​ជាង 700,000ដុល្លារ​នៅក្រោយ​ការបញ្ចប់​រដូវ​កាល ប្រសិនបើ​គេ​អាចជួយ West Ham ឱ្យ​ឈរ​នៅ​លេខ4 ឬ​មាន​កៅអី​លេង UCL នា​រដូវ​កាល​ក្រោយ។ នោះ​គឺ​វា​កើតឡើង​បាន​ស្របទៅតាម​កិច្ចព្រមព្រៀង ដែល​កំណត់ថា ប្រសិនបើ​កីឡាករ​ដែល United ដាក់ឱ្យ​ខ្ចី​ជើង អាចជា​ចំណែក​ជួយ​ក្រុម​នោះ​ឈរ​នៅ Top 4 អ៊ីចឹង​ក្លិប​ជា​អាណាព្យាបាល នឹង​ទទួលបាន​ប្រាក់​បន្ថែម៕

Advertisement