ថៃ ផ្តួល​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ដើម្បី​ការពារ​មេដាយមាស​ស៊ី​ហ្គេម​របស់ខ្លួន

ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បានការ​ពារ​មេដាយមាស​របស់ខ្លួន​យ៉ាង​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី29 ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 1-0 ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី នា​កីឡដ្ឋាន Shah Alam រដ្ឋ Selangor ប្រទេស​ម៉ាឡេស៊ី កាលពី​រាត្រី​ថ្ងៃ​អង្គារ។

គ្រាប់​បាល់​តែមួយ​គ្រាប់​ក្នុងការ​ប្រកួត​នោះ បាន​កើតឡើង​ដោយសារតែ​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​អ្នកចាំទី​ម៉ាឡេស៊ី Haziq Nadzli ដែល​បាន​ព្យាយាម​ដាល់​បាល់​ចេញពី​ការ​ទាត់​ចេញពី​ជ្រុង​ម្ខាង​នៅ​នាទី​ទី38 តែ​ការព្យាយាម​របស់គេ​បែរជា​បានធ្វើ​ឲ្យ​បាល់​ហោះ​ទៅ​ចូលក្នុង​ទី​ខ្លួនឯង​ទៅវិញ។ នៅ​រយៈពេល30នាទី​ដំបូង​នៃ​ការប្រកួត​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី ហាក់ដូចជា​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​តំបន់​ការពារ ក្រោយពី​ក្រុម​ជម្រើសជាតិ​ថៃ​បានធ្វើការ​វាយ​សម្រុក​យ៉ាងខ្លាំង ពិសេស​ពួកគេ​បានទទួល​បាល់ទាត់​ចេញពី​ជ្រុង​ជាច្រើនលើក។ ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នោះ បានដាក់​សម្ពាធ​ដ៏​ធំ​មួយ​ដល់​ក្រុម​ម្ចាស់ផ្ទះ ពីមុខ​អ្នកគាំទ្រ​ប្រមាណ​ជា80,000នាក់​ដែល​បានមក​លើកទឹកចិត្ត​មិត្ត​រួម​ជាតិ​របស់ខ្លួន​នៅក្នុង​កីឡដ្ឋាន​ដែលមាន​កៅអី​ទស្សនា​សម្រាប់​អ្នកគាំទ្រ​ថៃ​ត្រូវ​បានកំណត់​ត្រឹមតែ5,000នាក់​ប៉ុណ្ណោះ។

ក្នុងការ​ប្រកួត​តង់​ទី2 ក្រុម​ទាំងពីរ​បានធ្វើការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក ខណៈដែល​ក្រុម​ជម្រើសជាតិ​ថៃ​បាន​ព្យាយាម​ដាក់​សម្ពាធ​ទៅលើ​ម៉ាឡេស៊ី​ដើម្បី​កាត់ផ្តាច់​ឱកាស​នៃ​ការរក​គ្រាប់​បាល់​តាម​ស្មើ ស្របពេល​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ក៏បាន​ព្យាយាម​វាយ​សម្រុក​លើ​គូប្រកួត​របស់ខ្លួន​ផងដែរ។ គួរ​បញ្ជាក់ដែរថា ជ័យជម្នះ​លើក​នេះ​បានធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​ថៃ​ក្លាយជា​ជើងឯក​បាល់ទាត់​ស៊ី​ហ្គេម​ចំនួន 16 លើក និង​ក្នុងនោះ​ជាការ​ឈ្នះ 3 លើកចុងក្រោយជាប់ៗគ្នា៕
ប្រភពពី៖ Bangkok Post

Advertisement