សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ពេល​ម៉ាឡេស៊ី ប៉ះ ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​យប់​នេះ

ប៉ូលិស​របស់​ប្រទេស​ម៉ាឡេស៊ី នឹងត្រូវ​ធ្វើការ​ត្រួតពិនិត្យ​នៅឯ​កន្លែង​ច្រកចូល​នៃ​កីឡដ្ឋាន Shah Alam សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី និង​ក្រុម​ជម្រើសជាតិ​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ។

ស្រប​ពេលដែល​មិនបាន​បញ្ជាក់ប្រាប់​ពី​ចំនួន​អ្នកគាំទ្រ​ដែល​ចូលទៅ​ទស្សនា លោក Khalid Abu Bakar ដែលជា​នាយប៉ូលិស​បាន​និយាយថា មន្ត្រីប៉ូលិស​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ផ្តល់​សុវត្ថិភាព​ដល់​កីឡាករ និង​អ្នកទស្សនា​ដោយផ្ទាល់​អំឡុង​ការប្រកួត​នេះ។ ឧ​ត្ថ​ម​សេនីយ៍​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «មន្ត្រីប៉ូលិស​បាន​ត្រៀមលក្ខណៈ​រួចរាល់ និង​រាល់​ច្រកចូល​ទាំងអស់​ក្នុង​កីឡដ្ឋាន​នេះ​នឹងត្រូវ​រឹតបន្តឹង​ដើម្បី​ធានាថា មិនមាន​សារធាតុ​ដែល​ហាមឃាត់​ចូលទៅក្នុង​កីឡដ្ឋាន។ លោក Khalid បាន​បញ្ជាក់ថា អ្នកគាំទ្រ​ទាំងអស់​ត្រូវតែ​មក​ឲ្យ​បាន​លឿន​មុនពេល​ការប្រកួត​ចាប់ផ្តើម ដើម្បី​ជួយ​សម្រួល​ដល់​ការត្រួតពិនិត្យ​នៅ​ច្រកទ្វារ​ចូល។ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​ជំរុញ​ឲ្យ​ក្រុម​របស់លោក​រក្សា​ភាពរឹងមាំ​របស់​ពួកគេ និង​មិនត្រូវ​បាត់បង់​ការ​ផ្តោតអារម្មណ៍​ដោយសារតែ​ភាព​រំភើប​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ឡើយ។ ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ នឹង​ឈានទៅ​កាន់ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ប្រកបដោយ​ការជឿជាក់​ខ្ពស់ ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ក្នុង​លទ្ធផល 1-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈ្នះ​មេដាយមាស​ជា​លើក​ទី6របស់​ពួកគេ​ក្នុង​យុទ្ធនាការ​នេះ ដែលជា​ការប្រកួត​សម្រាប់​ក្រុមយុវជន​អាយុ​ក្រោម22ឆ្នាំ។

លោក Ong Kim Swee ដែល​បាន​ដឹកនាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅពេលដែល​ពួកគេ​បានឈ្នះ​ពាន​ស៊ី​ហ្គេម​កាលពី​ឆ្នាំ2011ផងដែរ​នោះ បាន​ប្រាប់​កីឡាករ​របស់លោក​ឲ្យ​រក្សា​នូវ​អារម្មណ៍​ស្ងប់​នៅមុន​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​ថៃ ដែលជា​ម្ចាស់​ជើងឯក13សម័យកាល។ ដោយឡែក ក្រុម​ជម្រើសជាតិ​ថៃ បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ តាមរយៈ​ការទម្លាក់​ក្រុម​មី​យ៉ាន់​ម៉ា ក្នុង​លទ្ធផល 1-។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង7:45យប់៕

ប្រភពពី៖ The Stars

Advertisement