ចំណូលពន្ធនៅឆមាសទី1 ឆ្នាំនេះធ្លាក់ចុះ 16.2%

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (អ.គ.រ) កាលពីពេលថ្មីៗនេះ​បាន​បញ្ជាក់ថា ចំណូល​ពន្ធ​រយៈពេល6ខែ​ដើមឆ្នាំ 2020នេះ មានការ​ធ្លាក់ចុះ​ចំនួន 16.2% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន។ ការធ្លាក់ចុះ​នេះ​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 ដែល​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម គុណ ញឹម ប្រិ​ភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ក្នុង​រយៈពេល6ខែ​ដើមឆ្នាំ2020នេះ ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា មាន​ចំនួន 5,152.6ប៊ី​លាន​រៀល ស្មើនឹង​ប្រហែល 1,272.2លាន​ដុល្លារ​អាមេរិក។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ 2019 ចំណូល​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ​ចំនួន 16.2% ដោយ​ក្នុងនោះ​ចំណូល​ពន្ធ​ដែល​បានមកពី​មុខទំនិញ​យានយន្ត​បាន​ថយចុះ​ចំនួន 31.7% និង​ចំណូល​មកពី​គ្រឿងសំណង់​ថយចុះ 28.2% ស្រប​ពេលដែល​មុខទំនិញ​ប្រេងឥន្ធនៈ​កើនឡើង 5.5% និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​ក៏​កើនឡើង​ប្រមាណ 3.1% ផងដែរ។

ឯកឧត្តម​បញ្ជាក់ថា ការធ្លាក់ចុះ​នេះ​កើតឡើង​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​ធ្វើឱ្យ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​របស់​កម្ពុជា​រង​ផលប៉ះពាល់។ ទន្ទឹមនឹងនេះ វា​ក៏​បណ្តាលមកពី​បញ្ហា​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​រង​ផលប៉ះពាល់ ជាពិសេស​ប្រទេស​ដែលជា​ទីផ្សារសំខាន់ៗរបស់​កម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច ហេតុនេះហើយ​ទើប​ធ្វើឱ្យ​យើង​បាត់បង់​ទីផ្សារ​មួយចំនួន​សម្រាប់​ការនាំចេញ៕

Advertisement