ផ្លូវក្រវាត់ក្រុងទី3 សាងសង់បានជិតពាក់កណ្តាលហើយ

ផ្លូវ​ក្រវាត់ក្រុង​ទី3 នៃ​រាជធានី​ភ្នំពេញ​ដែល​បាន​ឆ្លងកាត់ និង​ធ្វើឱ្យ​តំបន់​ជាច្រើន​នៃ​ជាយក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល​រីកចម្រើន​កាន់តែខ្លាំង បច្ចុប្បន្ននេះ​សាងសង់​ជិត​បាន​ពាក់កណ្តាល​ហើយ។

តាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម លឹម ស៊ី​ដេ​នី​ន បាន​បញ្ជាក់ថា​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី3នេះ ដំណើរការ​សាងសង់​សម្រេចបាន 40%ហើយ មកដល់ពេលនេះ។ ផ្លូវ​ក្រវាត់ក្រុង​ទី3 នេះ​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ដែល​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ4 មក​ផ្លូវជាតិ​លេខ1 ស្ថិតក្នុង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែលមាន​ប្រវែង​សរុប​ចំនួន 53គីឡូម៉ែត្រ។

ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នេះ ត្រូវ​បា​នាង​សង់​ឡើង​ដោយមាន​ទំហំ 27ម៉ែត្រ​សម្រាប់​ទីប្រជុំជន និង​មាន​ទំហំ 25ម៉ែត្រ​នៅក្រៅ​ទីប្រជុំជន ដោយមាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណត់​ផ្លូវ​ក្នុង​ក្រុង និង​ដាំ​ដើមឈើ​លម្អ​នៅ​ភូមិសាស្ត្រ​ក្រៅ​ក្រុង។ គម្រោង​នេះ​មាន​ស្ពាន​អាកាស​ឆ្លងកាត់​ចំនួន 4កន្លែង គឺ​ឆ្លងកាត់​ផ្លូវជាតិ​លេខ4 ផ្លូវជាតិ​លេខ3 ផ្លូវជាតិ​លេខ2 និង​ផ្លូវជាតិ​លេខ 21 ដែលមាន​ប្រវែង​សរុប 1គីឡូម៉ែត្រ ហើយ​មាន​ស្ពាន​ឆ្លងទន្លេ​ចំនួន 2កន្លែង​ត្រង់​កោះអន្លង់ចិន៕

Advertisement