ប្រទេសជាច្រើនកំពុងចាប់អារម្មណ៍កម្មវិធីដាំដើមឈើហូបផ្លែតាមទីសាធារណៈ

បច្ចុប្បន្ននេះ ការដាំ​ដើមឈើ​នៅក្នុង​ទីក្រុង បាន​ក្លាយជា​ប្រធានបទ​ដ៏​គួរឱ្យ​យកចិត្តទុកដាក់ ព្រោះ​វា​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ភាព​បៃតង កាត់បន្ថយ​ជាតិពុល និង​ការជំរុញ​ឱ្យមាន​ធម្មជាតិ​កាន់តែច្រើន​សម្រាប់​ការ​រ​ស់​នៅ​ជាដើម។

ឈាន​មួយ​ជំហាន​ពី​គំនិត​ខាងលើ ប្រទេស​នានា​លើ​ពិភពលោក​បានចាប់ផ្តើម​រកឃើញ​គំនិត​ដាំ​ផ្លែឈើ​ហូប​ផ្លែ​ដូចជា​ផ្លែ​ប៉ោម Blackberry និង​ផ្លែឈើ​មាន​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត​នៅ​ទីសាធារណៈ។ ការធ្វើ​បែបនេះ​ត្រូវបាន​គេ​មើលឃើញថា​អាចជួយ​ទីក្រុង​ឱ្យមាន​ភាពស្រស់​បំព្រង និង​កាន់តែ​មានគុណ​តម្លៃ​ក្នុង​ការរក្សា​ធម្មជាតិ​នៅ​ជិត​មនុស្ស​គ្រប់គ្នា។

នៅ​ទីក្រុង Copenhagen នៃ​ប្រទេស​ដា​ណឺ​ម៉ាក​នាពេល​បច្ចុប្បន្ននេះ គេ​បាន​ដាំ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​នៅតាម​ដងផ្លូវ​សាធារណៈ​ដែល​អាច​អនុញ្ញាតឱ្យ​មនុស្ស​គ្រប់គ្នា​ក្នុង​ទីក្រុង​អាច​បេះ​ទទួលទាន​បាន​ដោយ​ឥតគិតថ្លៃ។ ស្ថាប័ន thelocal.dk បាន​បញ្ជាក់ថា នៅ​ប្រទេស​ដា​ណឺ​ម៉ាក យើង​អាច​បេះ​ផ្លែឈើស្រស់ៗសម្រាប់​ធ្វើជា​អាហារ​នៅ​គ្រប់​ទីកន្លែង​សាធារណៈ​ក្នុងប្រទេស។ មិន​ថា​ទៅដល់​ទីណា​នោះទេ យើង​អាច​ញ៉ាំ​ផ្លែឈើ​ធម្មជាតិ​ដោយ​មិនបាច់​ចំណាយ​ប្រាក់ ព្រោះ​ឱ្យតែ​ដល់រ​ដូច​កាលម្តងៗ នៅតាម​ដងផ្លូវ​នៃ​ប្រទេស​នេះ​គឺ​ពោរពេញ​ទៅដោយ​ដើម​ប៉ោម​ដែលមាន​ផ្លែ​ព្រោងព្រាត ក្រហម បៃតង​យ៉ាង​ស្រស់ស្អាត និង​គួរឱ្យ​ចង់​ញ៉ាំ។

គំនិត​មួយ​នេះ​ត្រូវបាន​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​យកទៅអនុវត្ត​នាពេល​បច្ចុប្បន្ននេះ ដែល​ផលរប​ស់វា​បាន​បង្កើតជា​សុភមង្គល​ផ្លូវចិត្ត​ម្យ៉ាង​សម្រាប់​ប្រជាជន​គ្រប់គ្នា។ ជាក់ស្តែង នៅ​ទីក្រុង​អូ​តា​វ៉ា​នៃ​ប្រទេស​កាណាដា ក៏បាន​អនុវត្ត​ដូចគ្នានេះដែរ។ ដើមឈើ​ហូប​ផ្លែ​ត្រូវបាន​គេ​ដាំ​គ្រប់កន្លែង ដើម្បី​គាំទ្រ​ដល់​គម្រោង​ធនាគារ​អាហារ (food banks) ព្រោះ​ប្រជាជន​គ្រប់គ្នា​ដោយ​រួមទាំង​អ្នក​គ្មាន​ផ្ទះសំបែង និង​អ្នកដំណើរ​ជា​ផង​អាច​ទទួលទាន​ផ្លែឈើ​ស្រស់​គ្រប់ពេល​ដោយ​មិន​ចំណាយ​អ្វី​ទាំងអស់៕

Advertisement