ចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង…ចូសួ វ៉ង់ លាឈប់ពីបក្ស…សកម្មជនមួយចំនួនគេចចេញពីហុងកុង

សភា​ប្រជាជន​ចិន បាន​បោះឆ្នោត​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​កាលពី​ព្រឹក​ថ្ងៃទី30 មិថុនា ខណៈដែល​សេចក្ដីលម្អិត​របស់​ច្បាប់​នេះ រហូតដល់​ការទទួល​ទោសទណ្ឌ​រប​ស់​អ្នកប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ នៅតែ​ជា​រឿង​សម្ងាត់​នៅឡើយ។

របាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​នេះ មាន​មាត្រា​កំណត់​ទោសទណ្ឌ​សម្រាប់​បុគ្គល​ដែលមាន​ទង្វើ​បំពាន​សន្តិសុខ​ជាតិ បែងចែក​ប្រទេស ផ្ដួលរំលំ​អំណាច​រដ្ឋ បង្ក​ភេរវកម្ម និង​រួម​ឃុបឃិត​ជាមួយ​បរទេស។

ក្រោយពី​រដ្ឋសភា​ចិន មានមតិ​ឯកច្ឆន្ទ 162សំឡេង អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​រួចមក លោក ចូ​សួ វ៉ង់ មេដឹកនាំ​សកម្មជន​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង ក៏បាន​ប្រកាស​លាឈប់​ពី​គណបក្ស ដេ​ម៉ូ​ស៊ី​តូ ភ្លាមៗដែរ។

លោក​ចូ​សួ វ៉ង់ បានប្រកាស​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា សូម​លាឈប់​ពី​តំណែង​អគ្គលេខាធិការ​បក្ស និង​សមាជិក​បក្ស ដេ​ម៉ូ​ស៊ី​តូ ដែល​លោក​បាន​បង្កើតឡើង តែ នឹង​នៅតែ​ផ្សព្វផ្សាយ​ឧត្ដមគតិ​របស់ខ្លួន​ក្នុងនាម​ជា​ប្រជាជន​តទៅទៀត។

ក្រៅពី​លោក ចូ​សួ វ៉ង់ ហើយ នៅមាន​សកម្មជនផ្សេងៗទៀត​របស់​គណបក្ស​ដេ​ម៉ូ​ស៊ី​តូ ដូចជា លោក​ណា​ថា​ន លួ សកម្មជន​ម្នាក់ទៀត​ដែល​បានប្រកាស​លាឈប់​ពី​បក្ស រួមទាំង​មេដឹកនាំ​ការប្រឆាំង​តវ៉ា​នៅ​ហុងកុង​មួយចំនួន ក៏បាន​ប្រកាសប្រាប់​ពី​ការធ្វើដំណើរ​ចាក​ចេញពី​ក្រុង​ហុងកុង​ជា​បន្តបន្ទាប់​ដែរ៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

Advertisement