ប្លាស្ទីកធ្វើពីធម្មជាតិអាចកាត់បន្ថយផលប៉ះពាល់យ៉ាងសំខាន់ចំពោះពិភពលោក

បច្ចុប្បន្ននេះ ចំនួន​ប្លា​ស្ទីក​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ពិភពលោក ដែល​វា​បានធ្វើឱ្យ​ខូចខាត​ដល់​គុណភាព​ដី ជីវៈចម្រុះ​ក្នុង​បាទសមុទ្រ និង​ជីវិត​សត្វផ្សេងៗទៀត​លើ​ពិភពលោក។

បន្ថែម​ពីលើ​នេះ ប្លា​ស្ទីក​ក៏​ជះឥទ្ធិពល​ដោយផ្ទាល់​យ៉ាងច្រើន​ផងដែរ​សម្រាប់​ជីវិត​មនុស្ស ព្រោះ​វា​បាន​បង្ករ​ឱ្យ​មនុស្ស​កើត​ជំងឺមហារីក មាន​បញ្ហា​ឡើងក​ម្តៅ​ផែនដី និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែលនាំឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរស់នៅ។ តែ​ទោះជា​យ៉ាងនេះ​ក្តី គេ​សង្កេតឃើញថា សកម្មភាព​មនុស្ស​នៅលើ​ពិភពលោក​ហាក់​នៅតែ​បណ្តែតបណ្តោយ​ឱ្យចំ​នួន​ប្លា​ស្ទីក​កើន​ឡើយ​ឥតឈប់ឈរ ដែល​វា​ជា​ចរន្ត​អវិជ្ជមាន​មួយ​ឆ្ពោះទៅរក​ភាព​អន្តរាយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាម​ស្វែងរក​វិធីសាស្ត្រថ្មីៗដើម្បី​បង្កើត​ឧបករណ៍​ជំនួស​ឱ្យ​ប្លា​ស្ទីក ដោយថ្មីៗនេះ​គេ​រកឃើញ​ប្លា​ស្ទីក​ធ្វើ​ពី​ឬ​ស​ដំឡូង​មី ដែល​អាចឱ្យ​មនុស្ស​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល។ វា​ត្រូវបាន​គេ​រំពឹងទុក​ថា អាច​ក្លាយជា​ឧបករណ៍​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការបំពុល​ដោយសារ​ប្លា​ស្ទីក​លើ​ពិភពលោក ព្រោះ​វា​ជា​សារធាតុ​ឆាប់​រលាយ និង​មិនមាន​ផលប៉ះពាល់​ចំពោះ​គុណភាព​ដី។ ប្លា​ស្ទីក​ប្រភេទ​នេះ​មិនចាំបាច់​ត្រូវ​ចំណាយ​ពេលវេលា​រាប់រយឆ្នាំ​ដើម្បី​រលាយ​ដូច​ប្លា​ស្ទីក​ដែល​យើង​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​នោះទេ ហើយ​វា​ត្រូវបាន​គេ​មើលឃើញថា​នឹង​អាច​ដោះស្រាយ​បញ្ហា​គំនរ​សំរាម​ដែល​គរច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ​បានដែរ។

ថ្វីត្បិតតែ​ប្លា​ស្ទីក​ធ្វើ​ពី​ដំឡូង មិនអាច​ជំនួស​ប្លា​ស្ទីក​ពិតប្រាកដ​ទាំងស្រុង តែ​វា​នឹង​ក្លាយជា​ផ្នែក​មិនអាច​ខ្វះ​បាន​នៅ​ថ្ងៃ​អនាគត​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ និង​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក៕

Advertisement