អនាគតទៅមនុស្សអាចញ៉ាំសាច់គោប្រកបដោយសុវត្ថិភាព ដោយមិនបាច់សម្លាប់គោនោះទេ

ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចំនួន​ប្រជាជន​លើ​ពិភពលោក​ចេះតែ​កើនឡើង​ឥតឈប់ឈរ ដែល​បញ្ហា​នេះ បានធ្វើឱ្យ​មានការ​កើនឡើង​ផងដែរ​នូវ​តម្រូវការ​ម្ហូបអាហា​រ។ សាច់​ត្រូវបាន​គេ​មើលឃើញថា​កាន់​តែមាន​ភាពចាំបាច់​ក្នុងការ​ផ្គត់ផ្គង់​ទៅកាន់​មនុស្ស តែ​ប្រសិនបើ​មនុស្ស​ចេះតែ​កើនឡើង​ខ្លាំង នោះ​តំបន់​មួយចំនួន​នឹង​អាច​ប្រឈម​ជាមួយ​ភាពអត់ឃ្លាន ព្រោះ​យើង​ផលិត​មិនទាន់​តម្រូវការ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​បង្កើត​មជ្ឈមណ្ឌល​បង្កើត​សាច់គោ (Lab-printed steaks) ដោយ​វា​មាន​សមត្ថភាព​ផលិត​សាច់គោ​បាន​ក្នុង​រយៈពេល​តែ 3សប្តាហ៍​តែប៉ុណ្ណោះ។ វា​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ក្លាយជា​អាហារ​សម្រាប់​ថ្ងៃ​អនាគត ព្រោះ​ជា​ប្រភេទ​សាច់​ដែលមាន​រសជាតិ​ឆ្ងាញ់ សុវត្ថិភាព និង​មាន​វីតាមីន​គ្រប់គ្រាន់​សម្រាប់​មនុស្ស។

អ្នកវិទ្យាសាស្ត្រ​បាន​យក​កោសិកា (cells) ពី​សត្វ​គោរស់​ដែលមាន​សុខភាព​ល្អ​មក​បណ្តុះ​ជាមួយនឹង​ជាលិកា​ដែល​ហ៊ុមព័ទ្ធ​ដោយ​ឧបករណ៍ 3D បិទ​ជិត​ដើម្បី​បង្កើតជា​សាច់​សិប្បនិម្មិត​ឡើង។ ដំណើរ​នៃ​ការផលិត​សាច់គោ​របៀបនេះ ត្រូវបាន​គេ​មើលឃើញថា​មាន​ភាព​ឆាប់រហ័ស និង​កាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​បាន​យ៉ាងច្រើន។ វា​ត្រូវបាន​គេ​ជឿថា​អាច​ផលិត​សាច់​បាន​លើសពី​តម្រូវការ​របស់​មនុស្ស​នៅ​ថ្ងៃ​អនាគត ព្រោះ​ការធ្វើ​របៀបនេះ​ត្រូវ​ចំណាយពេល​ត្រឹមតែ3សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ទទួលបាន​សាច់​សម្រាប់​ទទួលទាន បើ​ប្រៀបធៀប​ជាមួយនឹង​ការចិញ្ចឹម​គោ​យក​សាច់​ដែល​ត្រូវ​ចំណាយ​ពេលវេលា​រហូត​ដល់​ទៅ 18ខែ​ឯណោះ។

វិធីសាស្ត្រ​ផលិត​សាច់​បែប​វិទ្យាសាស្ត្រ​នេះ​មិនចាំបាច់​ត្រូវការ​ដី និង​មិន​ត្រូវការ​ទឹក​ច្រើន​ដូច​ការចិញ្ចឹម​សត្វ​គោ​យក​សាច់​នោះទេ។ ហើយ​ចំពោះ​សាច់​នោះ​ទៀតសោត​អ្នកវិទ្យាសាស្ត្រ​អាច​បន្ថែម​វីតាមីន​បាន​ថែម​ទៀតផង​ដើម្បី​ជួយ​ដល់​សុខភាព​មនុស្ស៕

Advertisement