ក្រសួងអប់រំបើកឱ្យដាក់ពាក្យសុំអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ

ក្រួ​ង​អប់រំ យុវជន និង​កីឡា បានប្រកាស​បើក​ឱ្យ​បេក្ខជន​ដាក់ពាក្យ​ស្នើរ​សុំ​អាហារូបករណ៍​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ​ឯកទេស​ប្រឹក្សា​គរុកោសល្យ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធនធានមនុស្ស​ដែល​កំពុង​ខ្វះខាត​នៅក្នុងពេល​កំណែរ​ទម្រង់​វិស័យ​អប់រំ និង​ការពង្រីក​វិសាលភាព​សាលារៀន​ជំនាន់​ថ្មី។

គ្រូបង្រៀន​ដែល​បានបញ្ចប់​ការសិក្សា​ពី​កម្មវិធី នឹងមាន​ការយល់ដឹង​ជ្រៅជ្រះ​លើ​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ក៏ដូចជា​មាន​សមត្ថភាព​ក្នុងការ​ប្រឹក្សា​គរុកោសល្យ​ជាមួយ​គ្រូ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី នឹង​ផ្តល់​ការបង្រៀន​ប្រកបដោយ​គុណភាព​ខ្ពស់ តាមរយៈ​ការប្រើប្រាស់​ការបង្រៀន​បែប​សិក្ខាសាលា ដោយ​កំណត់​ចំនួន​គរុ​សិស្ស​ច្រើន​បំផុត​ចំនួន16នាក់​ក្នុង​មួយ​ថ្នាក់។ វគ្គ​សិក្សា​ទាំងអស់​នឹងត្រូវ​បង្រៀន​ជា​ភាសា​អង់គ្លេស ដែល​តម្រូវឱ្យ​បេក្ខជន​មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​បានល្អ។

បេក្ខជន​ដែល​អាចដាក់​ពាក្យ​បាន​ត្រូវតែ​ជា​អ្នក​ដែលមាន​បទពិសោធ​ន៍ប​ង្រៀ​ន​យ៉ាងតិច2ឆ្នាំ បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​មាន​សញ្ញាបត្រ​គរុកោសល្យ​ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​ណាមួយ។ បន្ថែម​ពីលើ​នេះ​ត្រូវតែ​ជា​អ្នក​ដែលមាន​ឆន្ទៈ​ក្នុង​ការបន្ត​អាជីព​ជា​គ្រូបង្រៀន​រយៈពេល​វែង​ក្នុង​វិស័យ​អប់រំ និង​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង​សិទ្ធ​អំណាច​ដល់​យុវជន។ កម្មវិធី​នេះ​ផ្តល់​សម្រាប់តែ​គ្រូបង្រៀន​នៅ​គ្រឹះស្ថានសាធារណៈ​តែប៉ុណ្ណោះ។

បេក្ខជន​អាចដាក់​ពាក្យ​ឱ្យបាន​មុន​ថ្ងៃទី 10ខែកក្កដា​ខាងមុខនេះ ដោយ​បេក្ខជន​ទាំងអស់​ត្រូវបំពេញ​ពាក្យ​ស្នើរ​សុំ​តាមរយៈ​តំណរ https://bit.ly/37htRwe៕

Advertisement