សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះមានអត្រា -1.9% ខណៈការគ្រោងទុកគឺ 6.5%

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​របាយការណ៍​ព្យាករណ៍​ស​ដ្ឋ​កិច្ច ដោយ​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ 2020 ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​អវិជ្ជមាន 1.9% (-1.9%) ដែល​មិន​ធ្លាប់មាន​ពីមុនមក ខណៈ​តាមច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ 2020 បានគ្រោង​ទុក​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​សម្រេចបាន 6.5%។

បញ្ហា​ទាំងអស់នេះ​កើតឡើង​ដោយសារតែ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​សកល​ធ្លាក់ចុះ​យ៉ាងគំហុក និង​រុញច្រាន​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ជាច្រើន ជាពិសេស​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗរបស់​កម្ពុជា​ក៏​ធ្លាក់ចុះ​ដូចគ្នា​ដែរ។

ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​បាន​ព្យាករណ៍​ថា​នៅ​ឆ្នាំ 2021ខាងមុខនេះ កំណើនសេដ្ឋកិច្ច​អាច​កើន​ឡើងវិញ​ក្នុង​អត្រា 3.5%។ ការព្យាករណ៍​នេះ​រំពឹងទុក​ថា​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ2021 អាច​គាំទ្រ​កំណើន​ដោយ​វិស័យ​កសិកម្ម 1.6% ខណៈ​ឧស្សាហកម្ម​អាចមាន​កំណើន 4.1% ដោយ​ក្នុងនោះ​អនុវិស័យ​កាត់ដេរ និង​អនុវិស័យ​សំណង់​ស្ថិតក្នុង​កម្រិត​ទាប តែ​អាចមាន​កំណើន​ល្អ​ក្នុង​វិស័យ​កម្មន្តសាល និង​វិស័យផ្សេងៗទៀត។ ចំណែកឯ​វិស័យ​សេវាកម្ម​វិញ រាជរដ្ឋាភិបាល​ព្យាករណ៍​ថា​អាច​នឹងមាន​កំណើន 3.6% ដែល​ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​ការប្រើប្រាស់​ក្នុងស្រុក​អាច​ការកើនឡើង​តែ​ស្ថិតក្នុង​សភាព​យឺតយ៉ាវ៕

Advertisement