ក្រុមហ៊ុនផលិតរថយន្ត Honda ផ្អាកដំណើរការស្ទើរទូទាំងពិភពលោក តែមិនមែនដោយសារ Covid-19 នោះទេ

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ Honda ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បិទ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ស្ទើរ​ពេញ​ពិភពលោក​ទៅហើយ​នាពេលនេះ។

តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឱ្យដឹងថា​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ហុងដា ត្រូវបាន​ផ្អាក​ដំណើការ​ស្ទើ​តែ​ពេញ​មួយ​ពិភពលោក​ទៅហើយ តែ​នេះ​មិនមែន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ Covid19 នោះទេ វា​គឺជា​ការវាយប្រហារ​ពី​ក្រុម​ជនអនាមិក (Hackers) ទៅវិញ​ទេ។ ប្រព័ន្ធ​បណ្ដាញ (Network System) របស់​ក្រុមហ៊ុន​ហុងដា​ត្រូវបាន​វាយប្រហារ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មិនអាច​ចូល​ប្រើ​កុំព្យូទ័រ​សឺ​វ័រ អ៊ី​ម៉ែ​ល និង​ប្រព័ន្ធផ្សេងៗទៀត​បាន នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារព័ត៌មាន BBC។ រោងចក្រ​ដែល​ត្រូវបាន​បិទ​ទាំងនោះ​មាននៅ​បណ្តារ​ប្រទេស​ដូចជា ចក្រភព​អង់គ្លេស ទួ​ក​គី អ៊ីតាលី ជប៉ុន និង​តំបន់​អាមេរិក​ខាងជើង។

បើ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព បានឱ្យដឹងថា នេះ​អាចជា​ការវាយប្រហារ​ប្រភេទ Snake Ransomware ដែល​ក្រុម​អ្នក​វាយប្រហារ​បាន​បំប្លែង (encrypt) ទិន្នន័យ​របស់​ក្រុមហ៊ុន ឬ​បិទ​មិនឱ្យ​ក្រុមហ៊ុន​អាច​ចូល​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​បាន ប៉ុន្តែ​ក្រុមហ៊ុន​ហុងដា​បាន​អះអាងថា​ទិន្នន័យ​ទាំងអស់​ពុំមាន​ការប៉ះពាល់​នៅឡើយ​ទេ​រហូតមក​ដល់ពេលនេះ។ បច្ចុប្បន្ន​គេ​ពុំបាន​ដឹង​ទេ​ថា តើ ក្រុម​អ្នក​វាយប្រហារ​ចូលទៅក្នុង​ប្រព័ន្ធ Network តាមរបៀប​ណា​នោះទេ ប៉ុន្តែ​វា​ប្រហែល​អាច​ចូល​តាម​ការទាញយក​ឯ​ក​សារផ្សេងៗ ដែលមាន​ភ្ជាប់​មកជា​មួយ​មេរោគ​ទាំងនោះ។

នេះ​ជាការ​ក្រើនរំឭក​មួយ ដែល​ទាំង​ក្រុមហ៊ុន ក៏ដូចជា​អ្នកប្រើប្រាស់​ត្រូវតែ​មានកា​រ​ប្រុងប្រយ័ត្ន​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​ជៀសវាង​ពី​ការវាយប្រហារ​នានា ជាពិសេស​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​តែម្ដង ព្រោះថា​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ គឺមាន​យ៉ាងច្រើន​ដែល​ត្រូវបាន​ប្រើបាស់​នៅក្នុង​ប្រព័ន្ធ​ដំណើរការ​របស់​រថ​យន្ត​ដូចជា ប្រព័ន្ធ​ហ្វ្រាំង ប្រព័ន្ធគ្រប់គ្រង​ល្បឿន ហើយ​នៅ​ថ្ងៃ​អនាគត​ក៏​នឹងមាន​ប្រព័ន្ធ​ដែល​អាចឱ្យ​រថយន្ត​បើក​បាន​ដោយ​ខ្លួនឯង​ផងដែរ៕

Advertisement