5ខែឆ្នាំ2020នេះ កម្ពុជានាំចេញអង្ករជាង 35ម៉ឺនតោន

ក្រោយពេល​ស្ថានភាព​ជំងឺ Covid-19 បាន​ធូរស្រាល​បន្តិច រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ជា​ប្រក្រតី ដោយ​ក្នុងនោះ​បណ្តា​ប្រទេស​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​អង្ករ​របស់​កម្ពុជា។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​លើកឡើងថា លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ2020 សម្រេចបាន 356,097 តោន កើនឡើង​ប្រមាណ 105,925 តោន ស្មើនឹង 42.34% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន 250,179 តោន ។

ដោយឡែក សម្រាប់​ខែឧសភា ឆ្នាំ2020 នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន 55,845 តោន កើនឡើង​ចំនួន 19,436 តោន ស្មើនឹង 53.30% ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ2019 ដែល​ក្នុងនេះ​មាន៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន 51,683 តោន, អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន 3,578 តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន 584តោន ។

ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល 5ខែ​នេះ មាន​ចំនួន 54ប្រទេស៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន 24ក្នុងចំណោម28 ប្រទេស ប្រទេស​ចិន ប្រទេស​សមាជិក​អាស៊ាន​ចំនួន6 ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន 23 ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន 5 ក្នុងចំណោម 49ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។

សូមបញ្ជាក់ថា ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2019 មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ សហភាព​អ៊ឺរ៉ុប​កើន​ចំនួន 51.10%, ប្រទេស​ចិន​កើន​ចំនួន 25.26%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន 45.39%, និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន 79.40%៕

Advertisement