ជប៉ុនបានផ្តល់កញ្ចប់ថវិកាជាង32លានដុល្លារដើម្បីពង្រីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុននៅកម្ពុជា និង​អង្គការ JICA ថ្មីៗនេះបានចុះកិច្ចព្រមព្រៀង​ផ្តល់ហិរញ្ញប្បទានឥតសំណង​ចំនួន 3,421លានយ៉េន ឬស្មើនឹងប្រមាណ 32លានដុល្លារអាមេរិកដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ។

គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈ៖

  1. ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន 30,000ម៉ែត្រគូបក្នុងមួយថ្ងៃ

2. ការសាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ

3. ការសាងសង់បរិក្ខាសម្រាប់ចែកចាយទឹកស្អាត

4. ការបំពាក់ប្រព័ន្ធ SCADA សម្រាប់តាមដាន និងបញ្ជាដំណើរការរបស់រោងចក្រ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំរោងចក្រដោយប្រើបទពិសោធ និងចំណេះដឹងពីប្រទេសជប៉ុន។

បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ ដូច្នេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាត ពីរាធានីភ្នំពេញផងងដែរ។

ការសាងសង់គម្រោងនេះនឹងចំណាយរយៈពេលចំនួន 29ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ 2023។ គម្រោងហិរញ្ញប្បទានឥតសំណងនេះ គឺជាគម្រោងទី12 ចាប់តាំងពីឆ្នាំ1993 មកដល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ហើយក៏ជាហិរញ្ញប្បទានឥតសំណងលើកទី6 ផងដែរ ដែលបានផ្តល់ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ទន្ទឹមនឹងនេះ បរិក្ខាផ្គត់ផ្គង់ទឹកស្អាតជាច្រើនកន្លែង ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាប្រាក់យ៉េនជប៉ុន នៅតាមបណ្ដាខេត្តផ្សេងៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងរាធានីភ្នំពេញ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្ត្រអភិវឌ្ឍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្ត្រ រយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត 100ភាគរយ នៅក្នុងទីប្រជុំជនត្រឹមឆ្នាំ2025 តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្ដីត្រូវការ ជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្របទៅនឹងមុំទី1 នៃចតុកោណទី4 ដូចមាន ចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី4 របស់រាជរដ្ឋាភិបាលកម្ពុជា៕

Advertisement