រយៈពេល1ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍សមត្ថកិច្ចផាកពិន័យបានប្រម៉ាណ 75ម៉ឺនដុល្លារ

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ក្នុងរយៈពេល1ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​តាមអនុក្រឹត្យលេខ 39 កម្លាំងនគរបាល​ចរាចរណ៍ផាកពិន័យបានទឹកប្រាក់ប្រមាណ 3ពាន់លានរៀល ឬស្មើនឹង 75ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តមបានបញ្ជាក់ផងដែរថាក្នុងរយៈពេលមួយខែនៃការអនុវត្តការរឹតបន្តឹង​ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី31 ខែឧសភា​នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូគោក​ត្រួតពិនិត្យ និងផាកពិន័យចំពោះ​យានយន្ត​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ចំនួន 44,755ករណី ដែលមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន 32,726ករណី ស្មើនឹង 73% និងរថយន្តគ្រប់ប្រភេទ​ចំនួន 12,039ករណីស្មើនឹង 27%។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃខែឧសភា កាលពីឆ្នាំ2019 ស្ថានភាពចរាចរណ៍មាន​ភាពល្អប្រសើរដោយសារតែ​បញ្ហាគ្រោះថ្នាក់មានការថយចុះចំនួន 130ករណី ក្នុងនោះមានអ្នកស្លាប់ថយចុះ 42នាក់ និងអ្នករបួសថយចុះ 162នាក់៕

Advertisement