រាជរដ្ឋាភិបាល ចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី26 ខែឧសភា ឆ្នាំ2020 បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន 33,231នាក់ ដែលបម្រើការងារនៅរោងចក្រ សហគ្រាសចំនួន111 នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី26 ខែឧសភា បានបញ្ជាក់ថា ការចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនេះ ធ្វើឡើងស្របតាមស្មារតីនៃសេចក្តីណែនាំលេខ045/20 ចុះថ្ងៃទី17 ខែមេសា ឆ្នាំ2020 របស់ក្រសួង និងស្របតាមស្មារតីជុំទី3 នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ឱ្យត្រៀមទៅបើកប្រាក់ឧបត្ថម្ភ នៅសាខាណាមួយរបស់ភ្នាក់ងារវីង (Wing) ដែលនៅជិតបំផុត ទូទាំងប្រទេស ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាបន្ថែមណាមួយ ទៅឱ្យភ្នាក់ងារវីងឡើយ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាល នឹងបើកជូនកម្មករ ក្នុងជុំទី1នេះ មានប្រមាណ 684.295ដុល្លារ​។ កម្មករដែលត្រូវបើកប្រាក់ឧបត្ថម្ភជូននេះ មកពីរោងចក្រកាត់ដេរចំនួន 83រោងចក្រ និងមកពីសណ្ឋាគារ និងភោជនីយដ្ឋានចំនួន 28។

តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ធនាគារឯកទេសវីងនឹងផ្ញើសារទៅលេខទូរស័ព្ទ ដែលបងប្អូនកម្មករធ្លាប់បានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ដើម្បីជាការបញ្ជាក់បន្ថែមទៀត៕

Advertisement