UNICEF ថាកុមារមិនបានទៅសាលាកាន់តែយូរ កាន់តែលំបាកត្រឡប់ទៅរៀនវិញ

ស្ថិតក្នុងដំណាក់កាលនេះការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ គ្រប់សាលារៀនទាំងអស់ត្រូវបានបិទទ្វា ដែលធ្វើឱ្យសិស្សជាច្រើនត្រូវសិក្សានៅតាមផ្ទះតាមរយៈបច្ចេកវិទ្យា ឬ​ប្រព័ន្ធផ្សព្វផ្សាយជាដើម។ ដំណាក់កាលនេះ ចាំបាច់ត្រូវការយកចិត្តទុកដាក់ឱ្យបានខ្លាំងព្រោះ អង្គការនានារកឃើញថា​ការដែលកុមារនៅផ្ទះយូរពេកអាចបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើន។

អង្គការ UNICEF បានបញ្ជាក់ថា កុមារងាយរងគ្រោះបំផុត អាចរងគ្រោះខ្លាំងជាងគេពីការបិទសាលាដោយសារជំងឺ Covid-19។ ពួកគេមិនគ្រាន់តែទៅសាលារៀនដើម្បីទទួលការអប់រំនោះទេ តែពួកគេអាចទៅសាលាដើម្បីទទួលបានអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ប្រើប្រាស់ទឹកស្អាត និងបរិក្ខាអនាម័យ​ ហើយពេលខ្លះទៀត​សាលារៀនជាទីកន្លែងសុវត្ថិភាពបំផុត​ពីអពើហិង្សាផ្សេងៗសម្រាប់ពួកគេ។

វិបត្តិផ្នែកសុខភាពពីមុន​បានធ្វើឱ្យយើងដឹងថា នៅពេលដែលកុមាពុំបានទៅសាលារៀនកាន់តែយូរ ពួកគេនឹង​កាន់តែពិបាកត្រឡប់​ទៅរៀនវិញ។ UNICEF បញ្ជាក់ថា ខ្លួនកំពុង​ធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល និងអង្គការដៃគូនានាដើម្បីការពារកុមារដែលមិនមានការអើពើ និង​វិនិយោគលើសាលារៀនដែលប្រសើរ និងមានសុវត្ថិភាពជាងមុន៕

Advertisement